ដោយរ៉ាវី
ភ្នំពេញ: តម្លៃដីនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានគេប្រសិទ្ធនាមថា ជាបេះដូងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងសំខាន់ប្រចាំប្រទេសនោះ គឺមានតម្លៃថ្លៃ ជាពិសេសទីតាំងទាំងឡាយណា ដែលស្ថិតនៅតាមបណ្តាផ្លូវសំខាន់ៗដូចជាផ្លូវមុនីវង្ស មហាវិថីសហព័ន្ធរុស្សីជាដើម។
លោក ច្រឹក សុខនីម ដែលអគ្គនាយកក្រុមហ៊ុន Century21 Mekong និងទើបតែជាប់ជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអាណត្តិទី6 កាលពីពេលកន្លងទៅថ្មីៗនេះបានឱ្យដឹងនាព្រឹកថ្ងៃទី២១ ធ្នូនេះថា ចំពោះតម្លៃដីដែលស្ថិតនៅតាមបណ្តាផ្លូវ និងមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានតម្លៃខុសៗពីគ្នា ហើយក៏មិនសូវមានការទិញលក់យ៉ាងគគ្រឹកគគ្រេង ដូចដីនៅតំបន់ផ្សេងទៀតនោះដែរ រហូតត្រូវបានអ្នកជំនួញលើវិស័យមួយនេះចាត់ទុកថា ជាតំបន់ដីកម្រ។
លោកបញ្ជាក់ថា តាមជាក់ស្ដែង ដីដែលស្ថិតនៅតាមបណ្តាផ្លូវខាងលើនេះ គឺត្រូវបានគេគិតជាចំណែកផ្សេងៗពីគ្នា ជាក់ស្ដែងដូចជាផ្លូវព្រះមុន្នីវង្ស ដោយរាប់គិតត្រឹមតែពីម្ដុំផ្សារថ្មីមកដល់តំបន់ពេទ្យចិន អាចមានតម្លៃចន្លោះពី 5000-6000 ដុល្លារក្នុង1ម៉ែត្រការ៉េ ហើយចាប់ពីម្ដុំពេទ្យរហូតដល់ម្ដុំស្តុបបូគោ អាចមានចន្លោះ4000 ទៅ5000ដុល្លារ។







