ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុនឹងមានសមត្ថភាពទទួលជើងហោះហើរអន្តរទ្វីបក្រោយការពង្រីករួច

0

ដោយ៖ សុផារី

ព្រះសីហនុ៖ ក្រុមហ៊ុន Cambodia Airports បានបញ្ជាក់ជាថ្មីពីផែនការមេពង្រីក ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ទៅជាគម្រោ​ង 4E Full នៅក្នុងឆ្នាំ២០២៣ ដែលនឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិធំមួយ អាចទាក់ទាញទេសចរពីបណ្តាតំបន់ធំៗ នៅក្នុងពិភពលោក។

លោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports ដែលជាក្រុមហ៊ុនមេក្រុមហ៊ុន Cambodia Airports បានបញ្ជាក់នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៣ ខែធ្នូកន្លងមកថា ក្រុមហ៊ុននឹងធ្វើការពង្រីក អាកាសយានដ្ឋានក្រុងព្រះសីហនុ នៅក្នុងទ្រង់ទ្រាយធំ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

ជាមួយគ្នានេះ លោកCyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍន៍ ព្រលានយន្តហោះខេត្តព្រះសីហនុ ឱ្យក្លាយជាព្រលានយន្តហោះអន្តរជាតិ ដែលមានលក្ខណៈទំនើបស៊ីវិល័យ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនបន្ថែមទៀត។

លោក Cyril Girot បានបន្តថា ក្រុមហ៊ុនទទួលបានសេចក្ដីប្រកាសអន្តរក្រសួងស្ដីពី ការអភិវឌ្ឍអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ។ ក្រុមហ៊ុននៅរង់ចាំសហការ ដើម្បីធ្វើការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ ដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ជាទស្សនវិស័យ នៃទីក្រុងឆ្លាតវៃនាពេលខាងមុខ ដែលជាចលនាលំហូរភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុ ជាពិសេសអ្នកវិនិយោគចិន។

ជាមួយគ្នានេះ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនព្រលានយន្តហោះ Vinci Airports ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន Cambodia Airports នឹងធ្វើការវិនិយោគលើព្រលានយន្តហោះអន្តរជាតិ ព្រះសីហនុទៅកម្រិត 4E Fullនៅក្នុងឆ្នាំ២០២៣ តាមផែនការមេ ដែលក្រុមហ៊ុនបានគ្រោងទុក និងបានកែសម្រួលជាបន្តបន្ទាប់ ដោយផ្អែកលើស្ថានភាពប្រែប្រួល ដោយបច្ចុប្បន្ន អាកាសយានដ្ឋាននេះ កំពុងដំណើរការនៅកម្រិត 4C ឬ 4D។

យោងតាមផែនការមេ នៃក្រុមហ៊ុននាពេលកន្លងមក ការប្តេជ្ញាចិត្តក្នុងការពង្រីកអាកាសយានដ្ឋាននេះ អាចនឹងទទួលអ្នកដំណើរបានរហូតដល់៦លាននាក់ មុនពេលកូវីដ១៩ ប៉ុន្តែក្រោយមកបានបង្ខំឱ្យក្រុមហ៊ុនផ្អាកការអនុវត្តផែនការមេ ដែលបានស្នើទៅរាជរដ្ឋាភិបាលកម្ពុជា។

ក្រុមហ៊ុនCambodia Airports បានបញ្ចប់ការពង្រីកផ្លូវរត់ប្រវែង៣.៣០០ម៉ែត្រ កាលពីខែតុលា ឆ្នាំ២០២០កន្លងមក ដែលអាចគ្រប់គ្រងយន្តហោះធុនធំCode E បាន ហើយនៅឆ្នាំ២០២១ ក្រុមហ៊ុនក៏បានដំឡើងស្ថានីយបណ្តោះអាសន្នថ្មី និងអគារVIPផងដែរ។

លោកស៊ិន ចាន់សិរូវុត្ថាបានបញ្ជាក់ថា វិបត្តិជំងឺកូវីដ១៩បានពន្យាពេលគម្រោងពង្រីក ព្រលានយន្តហោះខេត្តព្រះសីហនុ ដែលមានក្នុងផែន​ការមេរបស់ក្រុមហ៊ុនស្រាប់ ព្រោះក្រុមហ៊ុនត្រូវពិចារណាឡើងវិញ ដោយ​សារតម្រូវការ នៃការប្រើប្រាស់អាកាសយានដ្ឋានធ្លាក់ចុះ គ្រប់ព្រលានទាំងអស់នៅលើពិភពលោក។

លោកបានលើកឡើងថា ដោយសារកិច្ចពិភាក្សា រវាងថ្នាក់ដឹកនាំកំពូ​ល ដូច្នេះលោកមិនទាន់បានទទួលព័ត៌មានលម្អិត ពីការពិភាក្សានេះនោះទេ ប៉ុន្តែលោកជឿជាក់ថា គ្របយ៉ាងនឹងមិនមានភាពប្រែប្រួលខ្លាំង ជាងផែនកា​រមេ ដែលក្រុមហ៊ុនបានកំណត់នាពេលកន្លងមកនោះទេ។ ដោយសារស្ថានភាពក្រោយវិបត្តិមានការប្រែប្រួល លោកជឿជាក់ថា ក្រុមហ៊ុននឹងធ្វើការប្តេជ្ញាចិត្ត ក្នុងការអនុវត្តផែនការមេមួយនេះឱ្យសម្រេចបាន។

លោកបានបន្ថែមថា “ការចំណាយលើការវិនិយោគបន្ថែម អាស្រ័យលើដំណាក់កាលជាក់ស្តែងនៃការអភិវឌ្ឍន៍ ប៉ុន្តែវានឹងត្រូវបានកែប្រែឡើងវិញ ដោយសារការចំណាយលើសម្ភារៈប្រែប្រួល ក្នុងរយៈពេលដែលបានកំណត់”។ លោកបន្ថែមថា “ក្រុមហ៊ុនអាចអភិវឌ្ឍន៍ បានតាមកម្រិតនៃការចំណាយ ប៉ុន្តែត្រូវអភិវឌ្ឍអាកាសយានដ្ឋានឱ្យដល់កម្រិត 4E តាមតម្រូវការស្តង់ដារ”។

តាមរយៈលទ្ធផលកិច្ចប្រជុំជាមួយសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក លោកបញ្ជាក់ថា ក្រុមហ៊ុននឹងចាប់ផ្តើមធ្វើការអនុវត្តផែនការមេឡើងវិញ ដោយបច្ចុប្បន្ននេះ គម្រោងព្រលានយន្តហោះក្រុងព្រះសីហនុនេះជាគម្រោងកម្រិតមិនទាន់4E Full ហើយនឹងត្រូវពង្រីកដល់កម្រិត4E Full ដែលមានលទ្ធភាព ទទួលប្រភេទយន្តហោះមកពីទិសដៅឆ្ងាយៗបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here