ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបដិសណ្ឋារកិច្ចនិងស្នាមញញឹមរួសរាយរាក់ទាក់ចំពោះភ្ញៀវទេសចរណ៍អនន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយពីទស្សនាវដ្តីល្បីឈ្មោះមួយ។
យោងតាមទស្សនាវដ្ដីបរទេសមួយឈ្មោះ Rough Guides បានចុះផ្សាយថា នៅក្នុងចំណោមបណ្តាប្រទេសចំនួន១០ ដែលប្រជាពលរដ្ឋបានផ្តល់សេវាបដិសណ្ឋារកិច្ចល្អ និងចេះញញឹមរួសរាយរាក់ទាក់ ចំពោះភ្ញៀវទេសចរបរទេស គឺកម្ពុជាបានជាប់លំដាប់លេខ១ លេខ២ ប្រទេសហ្វីលីពីន ៣ឡាវ លេខ៤ នេប៉ាល និងប្រទេសថៃជាប់លំដាប់លេខ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី២៦ ធ្នូនេះ បានប្រកាសអនុវត្តផ្លូវការអនុវត្តកម្មវិធីទូរសព្ទ ឬហៅថា Mobile App មានឈ្មោះហៅថា “Hospitality-Tourism & Border ដែលកម្មវិធីនេះ អាចធ្វើឲ្យបណ្តាភ្ញៀវទេសចរជាតិអន្តរជាតិ អាចវាយតំលៃ ការងារបដិសណ្ឋារកិច្ចល្អនៅនៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា។
លោកបន្តថា តាមរយៈការដាក់អោយប្រើប្រាស់ផ្លូវការ នូវការវាយតំលៃបដិសណ្ឋារកិច្ចល្អ តាមរយៈប្រព័ន្ធ QR code នៅតាមកម្មវិធីទូរសព្ទចល័តដែលមានឈ្មោះ“Hospitality-Tourism & Border នឹងធ្វើអោយចំនួនភ្ញៀវទេសចរជាតិអន្តរជាតិងាយស្រួល និងចូលរួមវាយតំលៃការបំរើសេវាកម្ម បដិសណ្ឋារកិច្ច នៅតាមសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ក្រុមហ៊ុនទេសចរណ៍ ច្រកទា្វរព្រំដែនអន្តរជាតិ កន្លែងផ្តល់សេវានានាទៀត ក្នុងវិស័យទេសចរណ៍ មានការកើនឡើង។
លោកបន្តថា “នៅក្នុងដំណើរការប្រលងប្រណាំងបដិសណ្ឋារកិច្ច ក្នុងវិស័យទេសចរណ៍លើកទី១កន្លងមក ពុំទាន់មានភ្ញៀវទេសចរចូលរួមវាយតំលៃបានច្រើននោះទេ ទោះយ៉ាងណានៅក្នុងការវាយតំលៃ ពីសំណាក់ភ្ញៀវទេសចរកន្លងមក គឺបានធ្វើអោយមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៥៤កន្លែងបានជាប់ជ័យលាភីថា បានផ្តល់សេវាបដិសណ្ឋារកិច្ចល្អ និងមានភាពទាក់ទាញ។
លោកជំទាវឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា សេវាបដិសណ្ឋារកិច្ចនៅកម្ពុជាពិតជាមានភាពល្អប្រសើរ ធៀបជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ ដោយសារសេវាកម្មរបស់យើងមានតម្លៃសមរម្យ ពិសេសភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ។លោកជំទាវបន្តថា ជាមួយគ្នានេះការប្រកួតប្រជែងក្នុងវិស័យបដិសណ្ឋារកិច្ចបានកើនឡើង ប៉ុន្តែការប្រកួតកើនឡើងមានន័យថាវិស័យនេះកាន់តែរីកចម្រើន។
លោកជំទាវបន្តថា“នៅពេលការប្រកួតប្រជែងកើនឡើង នឹងធ្វើឲ្យគុណភាពប្រសើរឡើង ហើយអ្នកទទួលបានផលប្រយោជន៍គឺអតិថិជន”៕