ដោយ វុត្ថា
ភ្នំពេញ៖ មូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៥៤ ទទួលបាន “ជ័យលាភីបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ”លើកទី១ ឆ្នាំ២០១៨ ពីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។
សេវាកម្មជាមូលដ្ឋានទាំងនោះ រួមមាន សណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ចំនួន២១ ភោជនីយដ្ឋានចំនួន២០ ទីភ្នាក់ងារទេសចរណ៍ចំនួន៤ហាងស្ប៉ា និងម៉ាស្សាចំនួន៤ មណ្ឌលកម្សាន្ដមនុស្សពេញវ័យ៣ រមណីយដ្ឋានទេសចរណ៍២ក្នុងនោះមូលដ្ឋានអាជីវកម្ម ដែលទទួលបានជ័យលាភីមានស្នាមញញឹម៣ មានចំនួន៣៩ ស្នាមញញឹម២ មានចំនួន១២ ស្នាមញញឹម១មានចំនួន៣ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ក្នុងពិធីប្រគល់ជ័យលាភីបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍លើកទី១ ឆ្នាំ២០១៨ អមជាមួយការប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ (Mobile App) ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និងច្រកទ្វារអន្តរជាតិ និងការប្រកាសចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី២ ឆ្នាំ២០១៩» កាលពីទី២៦ ខែធ្នូ ឆ្នាំ២០១៨កន្លងមកថា កម្ពុជាដាក់ចេញគោលដៅឆ្នាំ២០២៣ ពោរពេញទៅដោយបដិសណ្ឋារកិច្ចល្អ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ SEA-Game 2023។
លោកបន្តថា “ដើម្បីកម្ពុជាជាគោលដៅទសចរណ៍ ប្រកបដោយភាពទាក់ទាញ និងកក់ក្ដៅដល់ភ្ញៀវទេសចរ និងដើម្បីឆ្ពោះទៅព្រឹត្តការណ៍SEA Game2023 ព្រមទាំងដើម្បីសម្រេចចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ក្នុងការទាក់ទាញទេសចរណ៍៧លាននាក់ក្នុងឆ្នាំ២០២០ និង១៥លាននាក់ ក្នុងឆ្នាំ២០៣០” ។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជនបន្ដរួមគ្នាអនុវត្តទិសដៅយុទ្ធសាស្ដ្រសំខាន់២ដូចជា ទី១ ទិសដៅយុទ្ធសាស្ដ្រទី១៖ ភាពស្អាត និងបៃតង (Clean & Green)៖ លោករដ្ឋមន្ដ្រីបានអំពាវនាវឱ្យបន្ដចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងក៏បានលើកឡើងអំពីការអនុវត្តនូវស្ដង់ដារនានា ដែលកម្ពុជានិងអាស៊ានដាក់ចេញ។
ជាងនេះទៅទៀត លោកក៏បានអំពាវនាវឱ្យគ្រប់ទីកន្លែងសាធារណៈទាំងអស់ ត្រូវតែស្អាត មានអនាម័យ និងគ្មានសំរាម ជាពិសេសសំរាមជាថង់ប្លាស្ទិក)។ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវតែសម្អាតឱ្យបានស្អាត និងបន្ទប់ទឹកត្រូវតែមានអនាម័យជាប់ជាប្រចាំ។
ទិសដៅយុទ្ធសាស្ដ្រទី២ បន្ដផ្ដល់បដិសណ្ឋារកិច្ចល្អឱ្យក្លាយជារបៀបវារៈជាតិ ហើយយោងតាមទស្សនាវដ្ដី Rough Guides គឺជាស្ថាប័នបោះពុម្ពផ្សាយនៅឆ្នាំ២០១៦ អំពីការធ្វើដំណើរទេសចរណ៍ដ៏ឈានមុខគេមួយ នៅក្នុងក្នុងពិភពលោកបានបញ្ជាក់ថា «ប្រទេសកម្ពុជាជាប្រទេស ដែលមានប្រជាជនរួសរាយរាក់ទាក់បំផុតទី១ ក្នុងចំណោមប្រទេសដែលមានប្រជាជន រួសរាយរាក់ទាក់ជាងគេទាំង១០ក្នុងពិភពលោក។
លោករដ្ឋមន្ដ្រីថោង ខុនក៏បានស្នើឱ្យគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍បង្កើនការបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ ដល់បុគ្គលិឱ្យកាន់តែទូលំ ទូលាយទៅតាមកម្មវិធីសិក្សា (Curriculum) បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចេញ និងស្នើឱ្យមានការប្រឡងប្រណាំងផ្ទៃក្នុងដល់បុគ្គលិកតែម្ដង ដោយមូលដ្ឋានអាជីវកម្មជាអ្នកវាយតម្លៃដោយផ្ទាល់ ចំពោះការបម្រើសេវាបដិសណ្ឋារកិច្ចល្អ របស់បុគ្គលិកខ្លួនឯងដោយផ្ទាល់ ហើយតាមរយៈសមាគមក្នុងឧស្សាហកម្មទេសចរណ៍តាមវិស័យនីមួយៗ នឹងជម្រុះបុគ្គលិកឆ្នើមៗរួចផ្ញើមក ក្រសួងទេសចរណ៍ដើម្បីធ្វើការវាយតម្លៃនឹងទទួលស្គាល់បូកសរុបនៅកម្រិតថ្នាក់ជាតិជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ ក្រសួងបានស្នើឱ្យមានការប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ ថ្នាក់ជាតិជារៀងរាល់ឆ្នាំ និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្ម វិធីទូរស័ព្ទឆ្លាតវៃ (Mobile App) ដែលមានឈ្មោះថា៖ «Hospitality-Tourism & Border» ផងដែរ ដើម្បីឆ្ពោះទៅព្រឹត្តការណ៍កីឡា SEA Game 2023។
នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥,៦ លាននាក់ និងនាំប្រាក់ចំណូលប្រមាណ៣៦៣៨លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិដែលរួមចំណែកប្រមាណ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ នៅឆ្នាំ២០១៨នេះ យើងរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦,២លាននាក់ ក្នុងអត្រាកំណើនប្រមាណ១១ភាគរយ៕