ដោយគង់ សូរិយា
ភ្នំពេញ៖ ផ្លូវថ្មើជើងដ៏ទំនើប ដែលមានបំពាក់ជណ្តើរយន្តលើកទី១នៅក្រុងភ្នំពេញនឹងបើកដំណើរការនៅកំឡុងខែមេសាខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។
ប្រធានគ្រប់គ្រងគំរោង Olympia City លោក ម៉េង ចំរើន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ ធ្នូនេះថា គំរោងផ្លូវថ្មើជើងនេះ នឹងសាងងសង់បញ្ចប់នៅដំណាច់ខែមករាខាងមុខ តែការបើកឲ្យដំណើរការនឹងធ្វើ ឡើងនៅកំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។
-->

លោកបន្តថា គំរោងផ្លូវថ្មើជើងនេះ ជាផ្លូវទំនើបទី១នៅក្រុងភ្នំពេញ និងមានប្រវែងប្រមាណជាង២០០ម៉ែត្រ។
ផ្លូវថ្មើជើងនេះសាងសង់នៅចំណុចផ្លូវប្រសព្វចំនួន៥ គឺចំណុចផ្លូវបំបែកជា៥ ដែលជាអតីតរង្វង់មូលមានអង្ហីងចាស់។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងថា តាមគំរោងស្ពានថ្មើជើងនេះ នឹងបើកនៅកំឡុងខែមេសាខាងមុខ ដំណាលគ្នានឹងការបើកដំណើរការផ្សារទំនើប Olympia Mall ដែលនឹងបើកដំណើរការនៅក្នុងគម្រោងមណ្ឌលមជ្ឈមពាណិជ្ជកម្ម និងលំនៅដ្ឋាន Olympia City ផងដែរ។

លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា គំរោង Olympia City ចំណាយប្រាក់ផ្នែកសំណង់តែមួយមុខ អស់ទឹកប្រាក់ចន្លោះពី ៤០០ទៅ ៥០០លានដុល្លារអាមេរិក ហើយទំហំទឹកប្រាក់នេះ មិនទាន់គិតបញ្ចូលពីតម្លៃដីនៅតំបន់នេះនៅឡើយទេ៕