ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកជំនាញផ្នែកដីធ្លី ដែលមានបទពិសោធន៍ច្រើនក្នុងវិស័យនេះបានថ្លែងថា ទីតាំងចំនួនបីនឹងជាតំបន់មានការអភិវឌ្ឍ និងធ្វើឲ្យតម្លាំដីធ្លីកើនឡើងខ្លាំងនាពេលអនាគតឆាប់ៗនេះ។
លោក កាង សុធី អគ្គនាយកក្រុមហ៊ុន Century21 Land Station Real Estate បានមានប្រសាសន៍ថា តម្លៃដីធ្លីនឹងកើនឡើងខ្ពស់បន្ថែមទៀត នៅឆ្នាំ២០១៩ ដែលនឹងចូលមកដល់នៅពេលឆាប់ៗនេះ។ តំបន់ទាំងនោះរួមមាន តំបន់កំបូល ស្ថិតនៅភាគខាងលិចឈៀងខាងជើងក្រុងភ្នំពេញ ស្របតាមបណ្តោយផ្លូវជាតិលេខ។ លោកបន្តថា ភាព អំណោយផលរបស់តំបន់នេះ ដោយសារតំបន់នេះជាតំបន់ឧស្សាហកម្ម ដែលមានរោងចក្រសហគ្រាសច្រើន ពិសេសជាតំបន់ថ្មីដែលងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋ និងងាយស្រួលក្នុងការរៀបចំផែនការអភិវឌ្ឍន៍។
ចំណែកតំបន់មួយទៀត គឺតំបន់ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល ព្រោះតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ឋសមស្រប ពិសេសផ្លូវជាតិលេខ៦អា ដែលបានសាងសង់រួច និងមានភាពធំទូលាយ ហើយដីនៅតំបន់នេះមានតម្លៃទាបនៅឡើយ ហេតុនេះតម្លៃដីតំបន់នេះអាចកើនទ្វេរដងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកកាង សុធីបានបន្តថា ការរីកចម្រើននៅតាមបណ្តោយផ្លូវជាតិលេខ៦អាបានទៅដល់ស្រុកមុខកំពូលហើយ ដោយគំរោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់បុរីវិមានភ្នំពេញមង្គលរតនៈបាននិងកំពុងសាងសង់នៅតំបន់នេះ ដែលមានទីតាំងនៅក្បែរផ្សារព្រែកអញ្ចាញនិងគំរោងអភិវឌ្ឍន៍ជាច្រើនទៀត។
លោក លាងគង់ យិន ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនគេហទំព័រ Propertyarea .asia ដែលបានតាមដានដំណើរវិវត្តន៍ក្នុងវិស័យនេះ រយៈពេល១០ឆ្នាំកន្លងមកនេះ បាន
យល់ស្របនឹងការលើកឡើងខាងលើ ប៉ុន្តែលោកនិងអ្នកជំនាញដទៃទៀតបានមើលឃើ ញតំបន់ភ្នំប្រសិទ្ឋ នឹងមានការអភិវឌ្ឍលឿននាពេលអនាគត ដោយសារតំបន់នេះនៅសល់ដីទំនេរច្រើន មានហេដ្ឋារចនាសម្ព័ន្ឋសមស្រប និងមានទីតាំងនៅកៀករាជធានីភ្នំពេញ ហើយបើធ្វើដំណើរចេញពីផ្សារទំនើប AEON2 គេអាចចំណាយពេលវេលាត្រឹម១៥នាទីប៉ុណ្ណោះនឹងទៅដល់តំបន់នេះហើយ។
លោកបន្តថា “វាជាតំបន់មួយដែលមានគំរោងអភិវឌ្ឍន៍លំនៅដ្ឋាននាពេលអនាគត ហើយវាមានលក្ខណៈពិសេសមួយ ដោយសារតំបន់នេះមានរមណីយដ្ឋានពីរនៅក្បែរ និងមានបរិស្ថានធម្មជាតិស្រស់បំព្រង ដែលអាចឲ្យប្រជាជនរស់នៅជាមួយផាសុខភាព និងងាយស្រួលសម្រាប់ការលំហែររបស់ពួកគេ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីធ្លីនៅកម្ពុជានឹងកើនឡើងជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Mekong Brokerage ដែលទើបជាប់ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា តម្លៃដីធ្លីនៅឆ្នាំ២០១៩ខាងមុខនេះ នឹងកើនឡើងចន្លោះ១៥ទៅ២០ភាគរយបន្ថែមទៀត ហើយការកើនឡើងនេះអាស្រ័យលើតំបន់ និងទីតាំងនិមួយៗ ដែលមានអំណោយផលវិនិយោគ និងអំ ណោយផលសម្រាប់ការអភិវឌ្ឍ។
លោកបន្តថា “កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំជាមូលដ្ឋានដ៏សំខាន់ដែលជំរុញការវិនិយោគ ហើយខ្ញុំគិតថាអ្នកវិនិយោគចិននឹងចូលមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត”៕