ដោយៈ គង់ សូរិយា
កោះកុងៈ ជាទីឋានបង្កប់ខ្លួនកណ្តាលព្រៃ ជ្រលងដងអូរ ជួរភ្នំខ្ពស់សន្លឹម តំបន់អារ៉ែង ស្ថិតនៅក្នុងស្រុកថ្មបាំង កំពុងក្លាយជាទីពេញនិយមលំហែរកម្សាន្ត សម្រាប់អ្នកទេសចរគ្រប់មជ្ឈដ្ឋាន។
បន្ទាប់ពីញំាញីដោយសារវិបត្តិជំងឺកូវីដ១៩ តំបន់អារ៉ែងត្រូវបានអភិវ ឌ្ឍន៍ ជាទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ពីសំណាក់វិស័យឯកជន ដើ ម្បីបំពេញតម្រូវការសេវាកម្មស្នាក់នៅ និងលំហែកាយរបស់ភ្ញៀវទេសចរណ៍ស្ទើរគ្រប់រដូវកាល។
ជាក់ស្តែង អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ Areng Camping ស្ថិតនៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង លាក់ខ្លួនសង្ងំកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍យ៉ាងម៉ត់ចត់ រហូតដល់ផ្តើមបើកទ្វារទទួលគ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលលេងកម្សាន្តជាង៤ខែមកនេះ។
លោក ភោគ សុខេម តំណាងអ្នកគ្រប់គ្រង Areng Campingបាន ឱ្យដឹងកាលពីសប្តាហ៍មុនថា មូលហេតុដែលលោកកែច្នៃ ជាតំបន់ទេសចរណ៍ដ៏គួរទាក់ទាញនេះឡើង ព្រោះថាតំបន់អារ៉ែងសំបូរ ទៅដោយសក្តានុពលអេកូទេសចរធម្មជាតិ ដោយមានទឹកជ្រោះ ព្រៃភ្នំ ព្រៃឈើខៀវស្រងាត់ បើធៀបខេត្តតំបន់ភ្នំដ៏ទៃទៀតក្នុងប្រទេសកម្ពុជា។
លោក ភោគ សុខេម បង្ហាញបន្ថែមថា Areng Camping បានកំពុងតែក្លាយជាតំបន់ដ៏និយមមួយ សម្រាប់អ្នកទេសចរគ្រប់មជ្ឈដ្ឋាន ដែលមានបំណងមកលំហែកាយកម្សាន្ត ដោយបម្រើសេវាកម្ម ដូចជា កែច្នៃរថយន្តឱ្យក្លាយជាបន្ទប់ស្នាក់នៅ ផ្ទះតង់មានអាងទឹក ជិះខ្សែរ៉ត ជិះទូកតាមដងស្ទឹងអារ៉ែង បោះតង់ ជិះម៉ូតូទៅកាន់តំបន់កម្សាន្តផ្សេងៗ លេងបាញ់ធ្នូ និងទទួលទានអាហារបែបអ្នកតំបន់អារ៉ែងជាដើម។
ទាក់ទិននឹងការបង្កើតទេសចរណ៍មួយនេះដែរ ត្រូវបានអ្នកគ្រប់គ្រងទូទៅរបស់ Areng Camping អះអាងថា លោកបានផ្តល់ឱកាសការងារដល់ពលរដ្ឋ អ្នកភូមិផ្នែកសេវាកម្ម ក្នុងតំបន់អារ៉ែងប្រមាណ៥០នាក់ និងចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តកោះកុងផងដែរ។
ក្រុមអ្នកទេសចរដែលមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ បង្ហាញក្តីចំណាប់អារម្មណ៍របស់ពួកគេម្នាក់ៗថា កាលដែលនាំគ្នាមកលេងកម្សាន្តនៅទីនេះ ក៏ព្រោះបានដឹងពីទេសភាពបៃតង នៃតំបន់អារ៉ែងពិតជាស្រស់ស្រាយ អាចបំបាត់ទុក្ខកង្វល់ ជាអ្វីដែលពួកគេចាត់ទុកជា “ការសាកថ្មជីវិត”។
ជាមួយគ្នានេះ លោក សុខ ចាន់គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានមើលឃើញថា វិស័យទេសចរណ៍ នៅខេត្តកោះកុងហាក់ងើបឡើងវិញ បន្ទាប់ពីបញ្ហាជំងឺកូវីដ១៩ បានធូរស្រាលដែលការបង្កើតតំបន់ទេសចរណ៍កាន់តែច្រើន គឺផ្តល់ឱកាសការងារ សេដ្ឋកិច្ចចំណូល និងទាក់ទាញភ្ញៀវទេសចរបានមកស្គាល់ទឹកដីអារ៉ែង។
លោកបន្ថែមថា តំបន់អារ៉ែង លែងឯកោដូចពេលមុនៗហើយ ដោយសារតែរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន និងភ្លើងអគ្គិសនី ដើម្បីផ្តល់ប្រយោជន៍ជូនពលរដ្ឋ និងអ្នកទេសចរផងដែរ។លោកជឿជាក់ថា តំបន់ទេសចរណ៍មិនទាន់កែច្នៃដ៏ទៃទៀតនៅក្នុងខេត្ត នឹងត្រូវបានអភិវឌ្ឍន៍បន្ថែម ក្នុងន័យទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកម្សាន្តទៅរដូវកាលនីមួយៗ៕
ប្រភព៖ BTV