កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ៤លាននាក់នៅក្នុង ឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: មន្ត្រីទេសចរណ៍មួយរូបបានឱ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤លាននាក់ នៅឆ្នាំ២០២៣ បន្ទាប់ពីប្រទេសចិនបានបញ្ចប់ យុទ្ធសាស្ត្រកូវីដសូន្យរបស់ខ្លួននៅដើមមករាខែនេះ។

លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារទេសចរណ៍ក្រៅប្រទេស ដ៏សំខាន់បំផុតសម្រាប់ពិភពលោក ហើយការបង្កើនប្រសិទ្ធភាពរបស់ចិនលើយុទ្ធសាស្ត្រកូវីដ-១៩ គឺជាអត្ថប្រយោជន៍ មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទេសចរណ៍នៅទូទាំងពិភពលោកផងដែរ។

លោក​បានបញ្ជាក់ប្រាប់​សារពត៌មានស៊ីនហួ​ថា​ “យើង​សង្ឃឹម​ថា​ នឹង​មាន​ភ្ញៀវ​ទេសចរ អ្នក​ជំនួញ និង​វិនិយោគិនចិន​ជាច្រើន​ទៀត ​នឹង​ធ្វើដំណើរមក​កាន់ប្រទេស​កម្ពុជា​ ដោយសារ​ទំនាក់ទំនង​ដ៏ជិតស្និទ្ធ​រវាង​ប្រទេស​ និង​ប្រជាជន​យើង​ទាំង​ពីរ”។

លោក​បាន​បន្ថែម​ថា ​“វត្តមាន​ភ្ញៀវ​ទេសចរ​ចិន ​មាន​សារៈសំខាន់​ណាស់ ​ក្នុង​ការ​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍ ​និង​សេដ្ឋកិច្ច​របស់​យើង​”។

យោងតាមលោក គង់ សុភារក្ស បានឱ្យដឹងថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន២,២៨លាននាក់ ក្នុងឆ្នាំ២០២២ ដែលក្នុងនោះភ្ញៀវទេសចរចំនួន១០៦.៨៧៥នាក់ ជាជនជាតិចិន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន បានបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ការវិលត្រឡប់មកវិញរបស់ប្រជាជនចិន ភ្ញៀវទេសចរ អ្នកជំនួញ និងវិនិយោគិនចិន។

លោក​បាន​បន្ត​ថា​“ការ​បន្ត​ទេសចរណ៍​ក្រៅ​ប្រទេស ​របស់​ប្រទេស​ចិន​គឺ​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ មិន​ត្រឹម​តែ​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ពិភពលោក​ទាំងមូល​ផង​ដែរ​”។

លោកបញ្ជាក់ថា “យើង​សង្ឃឹម​ថា កម្ពុជា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​បានយ៉ាង​ហោច​ណាស់១លាន​នាក់​ក្នុង​ឆ្នាំ ២០២៣នេះ”។

វិស័យទេសចរណ៍ គឺជាសសរស្តម្ភសំខាន់មួយ ក្នុងចំណោមសសរស្តម្ភទាំង៤ ដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់កម្ពុជា។

មុនមានការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៦,៦លាននាក់ ក្នុងឆ្នាំ២០១៩ ដែលបង្កើតប្រាក់ចំណូលបាន៤,៩២ពាន់លានដុល្លារអាមេរិក និងរួមចំណែក១២,១ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា។

កម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារតំបន់បេតិកភណ្ឌពិភពលោកចំនួន៣គឺ ឧទ្យានបុរាណវិទ្យាអង្គរ ប្រាសាទព្រះវិហារ និងតំបន់បុរាណវិទ្យាសំបូរព្រៃគុក។

ក្រៅពីនេះ កម្ពុជាមានឆ្នេរសមុទ្រ ប្រវែង៤៥០គីឡូម៉ែត្រ ដែលលាតសន្ធឹងកាត់ខេត្តចំនួន៤ នាភាគនិរតីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here