ដោយៈ សុខុម
អន្តរជាតិ: ទីក្រុងប៉ារីស ដែលជារដ្ឋធានីនៃប្រទេសបារាំង គឺជាទីក្រុងដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញខ្លាំងខាងអាហារល្អៗ សិល្បៈដ៏ល្អវិចិត្រ និងម៉ូតសម្លៀកបំពាក់ប្រណីតៗ ថ្លៃៗរួមទាំងកាបូបផងដែរ។
ទន្ទឹមនេះសន្ទស្សន៍ថ្មី ដែលចេញពីក្រុមប្រឹក្សាដំណើរកម្សាន្ត និងទេសចរណ៍ពិភពលោក (WTTC)បានបង្ហាញថា ប៉ារីស ថែមទាំងក្លាយជាទីក្រុងដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកផងដែរ សម្រាប់វិស័យទេសចរណ៍។
WTTC ជាស្ថាប័នឧស្សាហកម្មទេសចរណ៍ មិនស្វែងរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅអង់គ្លេស បានធ្វើការវិភាគទៅលើទិន្នន័យទេសចរណ៍ពីឆ្នាំ២០២២ ដើម្បីរកឱ្យឃើញថា តើនៅទីក្រុងមួយណា ដែលភ្ញៀវទេសចរចាយលុយជាងគេច្រើនបំផុត។
លក្ខខណ្ឌនៃការដាក់ចំណាត់ថ្នាក់ ជាទីក្រុងទេសចរណ៍ដ៏មានឥទ្ធិពលបំផុតនេះ គឺគេមិនរាប់បញ្ចូលសំបុត្រ ចូលទស្សនាសារៈមន្ទីរ និងបន្ទប់សណ្ឋាគារនោះទេ។ កត្តាដ៏សំខាន់ ដែលគេផ្ដោតនោះគឺថា តើរដ្ឋាភិបាលថ្នាក់ជាតិ និងក្រុមហ៊ុនក្នុងស្រុក កំពុងបោះទុនវិនិយោគច្រើនប៉ុនណានៅក្នុងទីក្រុងទាំងនេះ ក្នុងនាមជាគោលដៅទេសចរណ៍។
តួយ៉ាង ទីក្រុងប៉ារីស ពេលនេះកំពុងត្រៀមខ្លួន ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០២៤ (2024 Summer Olympics)។ ហើយទោះបីអគារថ្មីៗ ដែលនឹងត្រូវសាងសង់សម្រាប់ព្រឹត្តិការណ៍នេះមានតិចជាង៥%ក្ដី ក៏ទីក្រុងនេះកំពុងចាក់បញ្ចូលធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងវិធានការផ្សេងៗទៀត ដែលនឹងជួយពួកគេត្រៀមខ្លួនរួចរាល់ សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាពិភពលោកនេះ។
បើគិតពីចំណុចនេះ វិស័យទេសចរណ៍សរុបនៃទីក្រុងប៉ារីស មានទំហំសរុបរហូត ដល់ទៅ៣៥,៦ពាន់លានដុល្លារឯណោះ គឺវាពិតជាច្រើនខ្លាំងណាស់៕ CNN៕