ដោយៈ សុខុម
ហុងកុង: សិង្ហបុរីបានសម្តែងសុទិដ្ឋិនិយមថា ចំនួនភ្ញៀវទេសចរដែលខ្លួន ទទួលបាននឹងកើនឡើងទ្វេរដង ធៀបនឹងឆ្នាំមុនឈានដល់១២ទៅ១៤លាននាក់ក្នុងឆ្នាំ២០២៣។
ក្តីរំពឹងនេះ ដោយសារប្រទេសចិន បានបើកព្រំដែនឡើងវិញ ក្រោយបោះបង់គោលនយោបាយសូន្យ-កូវីដ បូករួមជាមួយកំណើននៃការតភ្ជាប់ជើងហោះហើរ និងសមត្ថភាពហោះហើរ។
ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) បាននិយាយកាលពីថ្ងៃអង្គារ ទី១៧ ខែមករា ថា ចំនួនភ្ញៀវទេសចរទាំងនោះ អាចធ្វើឱ្យសិង្ហបុរីទទួលបានចំណូលទេសចរណ៍ រហូតដល់ទៅ២១ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹង១៦ពាន់លានដុល្លារអាមេរិក បើធៀបនឹងប្រមាណ១៤ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹង១០,៦ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ជាមួយនឹងចំនួនភ្ញៀវទេសចរ៦,៣លាននាក់។
យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែមករា ឱ្យដឹងថា រដ្ឋបុរី ឬ ប្រទេសដែលមានតែទីក្រុងនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ត្រឹមតែ៣៣០.០០០នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២១ ជាពេលដែលពិភពលោក រឹតបន្តឹងការធ្វើដំណើរខ្លាំងក្លាបំផុត។
លោក Juliana Kua ជំនួយការនាយកប្រតិបត្តិ នៃក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) បានថ្លែងក្នុងសន្និសីទព័ត៌មានមួយថា “យើងស្ថិតក្នុងភូមិសាស្ត្រដ៏ល្អ ដែលបន្តទទួលស្វាគមន៍ភ្ញៀវទេសចរចិន ដែលវិលត្រលប់មកវិញក្នុងចំនួនយ៉ាងច្រើន”។
ក្នុងឆ្នាំ២០១៩ សិង្ហបុរី ទទួលបានភ្ញៀវទេសចរ មកពីប្រទេសចិន ចំនួន៣,៦លាននាក់ ដោយធ្វើឱ្យភ្ញៀវចិនរួមចំណែកធំបំផុត ដល់វិស័យទេសចរណ៍របស់សិង្ហបុរី មុនពេលផ្ទុះវិបត្តិកូវីដ-១៩។
ភ្ញៀវទេសចរណ៍ ក៏បានចំណាយពេលស្នាក់នៅ ក្នុងប្រទេសសិង្ហបុរី ច្រើនជាងជាងមុនពេលវិបត្តិកូវីដ-១៩ ផងដែរ។
ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB)បានគូសបញ្ជាក់ថា ការស្នាក់នៅជាមធ្យម សម្រាប់ភ្ញៀវទេសចរ ដែលបានមកអំឡុងខែមេសា ដល់ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីរដ្ឋាភិបាលបញ្ឈប់ ការតម្រូវឱ្យធ្វើចត្តាឡីស័ក ដោយពួកគេស្នាក់នៅចំនួន៤,៨១ថ្ងៃ បើធៀបនឹង៣,៣៦ថ្ងៃ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕ South China Morning Post៕