ដោយ: គង់ លាងហួរ
រីយ៉ាដ: តម្លៃអចលនទ្រព្យនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានកើនឡើង១,៦ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
កំណើននេះត្រូវបានជំរុញ ដោយការកើនឡើងនៃតម្លៃអចលនទ្រព្យបែបលំនៅដ្ឋាន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ ដែលចេញផ្សាយដោយអាជ្ញាធរទូទៅ សម្រាប់ស្ថិតិ(GASTAT)។
យោងតាមរបាយការណ៍របស់ GASTAT បានបង្ហាញថា តម្លៃអចលនទ្រព្យលំនៅដ្ឋានបានកើនឡើង២,៦ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ដែលភាគច្រើនត្រូវបានជំរុញដោយការកើនឡើង២,៧ភាគរយ នៃតម្លៃដីឡូតិ៍។
យោងតាមរបាយការណ៍នេះ អនុវិស័យផ្សេងទៀតដូចជា អចលនទ្រព្យបែបពាណិជ្ជកម្ម និងកសិកម្មបានធ្លាក់ចុះយ៉ាងគំហុកក្នុងរង្វង់០,២ភាគរយ និង០,៨ភាគរយរៀងៗគ្នា។
របាយការណ៍ដដែលបានកត់សម្គាល់បន្ថែមថា តម្លៃផ្ទះវីឡាបានកើនឡើង១,៧ភាគរយ ខណៈតម្លៃអាផាតម៉ិន បានកើនឡើង២,២ភាគរយ។
ចំណែក តម្លៃផ្ទះបានធ្លាក់ចុះ០,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ខណៈពេលដែលតម្លៃអគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្មមានស្ថិរភាព និងមិនបានកត់ត្រាការផ្លាស់ប្តូរទាក់ទងណាមួយឡើយ។
របាយការណ៍ដដែលបានបន្ថែមថា តម្លៃអចលនទ្រព្យក្នុងវិស័យពាណិជ្ជកម្មបានធ្លាក់ចុះ០,២ភាគរយ ដោយសារការធ្លាក់ចុះនៃតម្លៃដីបែបពាណិជ្ជកម្ម។
ចំណែកតម្លៃអចលនទ្រព្យកសិកម្មក៏បានធ្លាក់ចុះផងដែរ ដោយសារការធ្លាក់ចុះ០,៨ភាគរយនៃតម្លៃដីកសិកម្ម៕