តម្លៃអចលនទ្រព្យនៅអារ៉ាប៊ីសាអូឌីតកើនឡើង១,៦ភាគរយនៅដំណាច់ឆ្នាំ២០២២

0

ដោយ: គង់ លាងហួរ

រីយ៉ាដ: តម្លៃអចលនទ្រព្យនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានកើនឡើង១,៦ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

កំណើននេះត្រូវបានជំរុញ ដោយការកើនឡើងនៃតម្លៃអចលនទ្រព្យបែបលំនៅដ្ឋាន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ ដែលចេញផ្សាយដោយអាជ្ញាធរទូទៅ សម្រាប់ស្ថិតិ(GASTAT)។

យោងតាមរបាយការណ៍របស់ GASTAT បានបង្ហាញថា តម្លៃអចលនទ្រព្យលំនៅដ្ឋានបានកើនឡើង២,៦ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ដែលភាគច្រើនត្រូវបានជំរុញដោយការកើនឡើង២,៧ភាគរយ នៃតម្លៃដីឡូតិ៍។

យោងតាមរបាយការណ៍នេះ អនុវិស័យផ្សេងទៀតដូចជា អចលនទ្រព្យបែបពាណិជ្ជកម្ម និងកសិកម្មបានធ្លាក់ចុះយ៉ាងគំហុកក្នុងរង្វង់០,២ភាគរយ និង០,៨ភាគរយរៀងៗគ្នា។

របាយ​ការណ៍​ដដែលបាន​កត់​សម្គាល់​បន្ថែម​ថា តម្លៃ​ផ្ទះ​វីឡា​បាន​កើន​ឡើង១,៧ភាគរយ ខណៈ​តម្លៃអាផាតម៉ិន បាន​កើន​ឡើង២,២ភាគរយ។

ចំណែក តម្លៃផ្ទះបានធ្លាក់ចុះ០,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ខណៈពេលដែលតម្លៃអគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្មមានស្ថិរភាព និងមិនបានកត់ត្រាការផ្លាស់ប្តូរទាក់ទងណាមួយឡើយ។

របាយ​ការណ៍​ដដែលបាន​បន្ថែម​ថា តម្លៃ​អចលនទ្រព្យ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​បាន​ធ្លាក់​ចុះ០,២ភាគរយ​ ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ដី​បែបពាណិជ្ជកម្ម។

ចំណែកតម្លៃ​អចលន​ទ្រព្យ​កសិកម្ម​ក៏​បាន​ធ្លាក់​ចុះ​ផងដែរ​ ដោយ​សារ​ការ​ធ្លាក់​ចុះ០,៨ភាគរយ​នៃ​តម្លៃ​ដី​កសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here