ក្រុមហ៊ុនអចលនទ្រព្យថៃមួយគ្រោងបើកដំណើរការគម្រោងលំនៅដ្ឋានចំនួន៣៧តម្លៃជាង១ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនអចលនទ្រព្យថៃ Supalai Plc  គ្រោងនឹងបើកគម្រោងលំនៅដ្ឋានថ្មីចំនួន៣៧ នៅទូទាំងប្រទេស ដែលមានតម្លៃសរុបប្រហែល១,២៥ពាន់លានដុល្លារ ដោយគម្រោងជាងពាក់កណ្តាលនឹងស្ថិតនៅក្នុងបណ្តាខេត្ត។

លោក Prateep Tangmatitham ប្រធានក្រុមហ៊ុន Supalai Plc បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងនៅឆ្នាំនេះ ជាមួយនឹងសន្ទុះខ្លាំង ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលនឹងជំរុញឱ្យប្រាក់ចំណូលកាន់តែខ្ពស់ និងបង្កើនការងារនៅទូទាំងប្រទេស។

ក្រុមហ៊ុននឹងបើកដំណើរការគម្រោងថ្មីចំនួន១៧ នៅតំបន់ Greater Bangkok ដែលរួមមានគម្រោងលំនៅដ្ឋានកម្រិតទាបៗចំនួន១៤ និងគម្រោងខុនដូចំនួន៣។ គម្រោង​ចំនួន២០ ផ្សេងទៀតជា​គម្រោង​លំនៅដ្ឋានកម្រិតទាប​ៗនៅតាមបណ្តា​ខេត្ត។ បច្ចុប្បន្ន ក្រុមហ៊ុន Supalai មានគម្រោងសរុបជាង៤៥ នៅក្នុងខេត្ត ហើយខេត្ត​ឈុនបូរី​មាន​គម្រោង​ច្រើនជាងគេចំនួន១៧។

នៅក្នុងឆមាសទីពីរ ក្រុមហ៊ុននឹងបើកដំណើរការ S Avenue ដែលជាផ្សារទំនើបសហគមន៍ក្នុងសង្កាត់ Ban Khai នៃខេត្ត Rayong ដែលវានឹងក្លាយជាគម្រោងលក់រាយដំបូងរបស់ខ្លួន។

ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ ក្រុមហ៊ុនបាន​ចាប់​ផ្តើម​គម្រោង​លំនៅដ្ឋាន​ចំនួន​២ និង​បាន​កត់ត្រា​ការលក់​បាន​ជាង២០០យូនីត។ ក្រុមហ៊ុននេះក៏បានលក់ដីទំហំ២០រ៉ៃទៅឱ្យសាលាអន្តរជាតិសិង្ហបុរី (SISB) ផងដែរ។

លោក Prateep មានប្រសាសន៍ថា “យើងអាចពង្រីកការអភិវឌ្ឍន៍លំនៅដ្ឋាននៅតាមបណ្តាខេត្តជាច្រើនទូទាំងប្រទេស ដោយសារយើងមានការយល់ដឹងពីអ្នកទិញផ្ទះតាមខេត្ត។ ឧទាហរណ៍ ការប្រើប្រាស់ក្បឿងជំនួសឈើសម្រាប់ផ្ទះ នៅខេត្តភាគខាងត្បូងដែលមានអាកាសធាតុភ្លៀងញឹកញាប់ ដើម្បីងាយស្រួលក្នុងការសម្អាត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here