ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនអចលនទ្រព្យថៃ Supalai Plc គ្រោងនឹងបើកគម្រោងលំនៅដ្ឋានថ្មីចំនួន៣៧ នៅទូទាំងប្រទេស ដែលមានតម្លៃសរុបប្រហែល១,២៥ពាន់លានដុល្លារ ដោយគម្រោងជាងពាក់កណ្តាលនឹងស្ថិតនៅក្នុងបណ្តាខេត្ត។
លោក Prateep Tangmatitham ប្រធានក្រុមហ៊ុន Supalai Plc បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងនៅឆ្នាំនេះ ជាមួយនឹងសន្ទុះខ្លាំង ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលនឹងជំរុញឱ្យប្រាក់ចំណូលកាន់តែខ្ពស់ និងបង្កើនការងារនៅទូទាំងប្រទេស។
ក្រុមហ៊ុននឹងបើកដំណើរការគម្រោងថ្មីចំនួន១៧ នៅតំបន់ Greater Bangkok ដែលរួមមានគម្រោងលំនៅដ្ឋានកម្រិតទាបៗចំនួន១៤ និងគម្រោងខុនដូចំនួន៣។ គម្រោងចំនួន២០ ផ្សេងទៀតជាគម្រោងលំនៅដ្ឋានកម្រិតទាបៗនៅតាមបណ្តាខេត្ត។ បច្ចុប្បន្ន ក្រុមហ៊ុន Supalai មានគម្រោងសរុបជាង៤៥ នៅក្នុងខេត្ត ហើយខេត្តឈុនបូរីមានគម្រោងច្រើនជាងគេចំនួន១៧។
នៅក្នុងឆមាសទីពីរ ក្រុមហ៊ុននឹងបើកដំណើរការ S Avenue ដែលជាផ្សារទំនើបសហគមន៍ក្នុងសង្កាត់ Ban Khai នៃខេត្ត Rayong ដែលវានឹងក្លាយជាគម្រោងលក់រាយដំបូងរបស់ខ្លួន។
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានចាប់ផ្តើមគម្រោងលំនៅដ្ឋានចំនួន២ និងបានកត់ត្រាការលក់បានជាង២០០យូនីត។ ក្រុមហ៊ុននេះក៏បានលក់ដីទំហំ២០រ៉ៃទៅឱ្យសាលាអន្តរជាតិសិង្ហបុរី (SISB) ផងដែរ។
លោក Prateep មានប្រសាសន៍ថា “យើងអាចពង្រីកការអភិវឌ្ឍន៍លំនៅដ្ឋាននៅតាមបណ្តាខេត្តជាច្រើនទូទាំងប្រទេស ដោយសារយើងមានការយល់ដឹងពីអ្នកទិញផ្ទះតាមខេត្ត។ ឧទាហរណ៍ ការប្រើប្រាស់ក្បឿងជំនួសឈើសម្រាប់ផ្ទះ នៅខេត្តភាគខាងត្បូងដែលមានអាកាសធាតុភ្លៀងញឹកញាប់ ដើម្បីងាយស្រួលក្នុងការសម្អាត”៕