ដោយ:គង់ លាងហួរ
តូក្យូ: ក្រុមហ៊ុន Toyota Motor Corp បានវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Volkswagen AG ក្លាយជាក្រុមហ៊ុនលក់រថយន្ត ដាច់លំដាប់កំពូល នៅលើពិភពលោក សម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា នៅក្នុងឆ្នាំ២០២២។
ក្រុមហ៊ុនToyota បានអះអាងថា ខ្លួនបានលក់រថយន្ត ប្រមាណ១០,៤៨លានគ្រឿង នៅទូទាំងពិភពលោក កាលពីឆ្នាំ២០២២ រួមទាំងរថយន្ត ដែលផលិតដោយ ក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu Motor Co. និងក្រុមហ៊ុនផលិតរថយន្ត Hino Motors Ltd. ពោលគឺធ្លាក់ចុះ០,១ភាគរយ ធៀបនឹងឆ្នាំ២០២១។

ក្រុមហ៊ុនផលិតរថយន្ត ខ្នាតយក្សរបស់ជប៉ុនមួយនេះបានបន្តថា ទិន្នផលសកលរបស់ខ្លួន បានកើនឡើង៥,៣ភាគរយ ដល់១០,៦១លានគ្រឿង ដោយសារការបង្កើនសមត្ថភាពផលិត នៅអាមេរិកខាងជើង និងអាស៊ី បានជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃវិបត្តិជំងឺកូវីដ និងកង្វះគ្រឿងបន្លាស់។
ទោះបីជាការលក់រថយន្ត ជាសាកលរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល២ឆ្នាំ។ យ៉ាងណាក្តី ប៉ុន្តែបរិមាណនៃការធ្លាក់ចុះនេះគឺទាបជាងក្រុមហ៊ុន Volkswagen យ៉ាងខ្លាំង។
ទំហំនៃការលក់រថយន្ត របស់ក្រុមហ៊ុន Volkswagen បានធ្លាក់ចុះ៧ភាគរយក្នុងឆ្នាំ២០២២ រហូតដល់៨,២៦លានគ្រឿង ដោយសារតែការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់។
ការផលិតរថយន្ត នៅក្រៅប្រទេសរបស់ក្រុមហ៊ុន Toyota បានកើនឡើង១១,៧ភាគរយ ដែលស្មើនឹង៦,៣៨លានគ្រឿង ខណៈការលក់នៅក្រៅប្រទេសជប៉ុន កើនឡើង១,៧ភាគរយ ដល់៨,២៨លានគ្រឿង ដោយសារតម្រូវការដ៏រ៉ឹងមាំ នៅតំបន់អាស៊ី៕







