ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ប្រទេសកម្ពុជាបានចេញអាជ្ញាប័ណ្ណប្រតិបត្តិការ ដល់ក្រុមហ៊ុនថ្មីចំនួន១០.៧០១ ក្នុងឆ្នាំ២០២២ កើនឡើង៣៩ភាគរយ ពីចំនួន៧.៦៧៧ ក្នុងឆ្នាំ២០២១។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រុមហ៊ុនថ្មីៗទាំងនេះ ជាកម្មសិទ្ធិរបស់អ្នកស្រុក និងជនបរទេសមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី និងវៀតណាម ។
លោកបានវាយតម្លៃថា កំណើននៃក្រុមហ៊ុនថ្មីៗទាំងនេះ ត្រូវបានជំរុញមកពីការគ្រប់គ្រង ប្រកបដោយជោគជ័យនៃជំងឺកូវីដ-១៩ ដែលបានអនុញ្ញាតឱ្យប្រទេសកម្ពុជា អាចបើកសកម្មភាពសេដ្ឋកិច្ច សង្គមទាំងអស់ និងបើកព្រំដែនឡើងវិញ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “ការកើនឡើងដ៏គួរឱ្យកត់សម្គាល់ ក្នុងការចុះបញ្ជីអាជីវកម្មថ្មីបានបង្ហាញយ៉ាងច្បាស់ ពីទំនុកចិត្តរបស់អ្នកជំនួញ និងវិនិយោគិន លើសន្តិភាព ស្ថិរភាពនយោបាយ និងឱកាសអំណោយផល សម្រាប់ការធ្វើអាជីវកម្មរបស់កម្ពុជាយើង”។

ជាមួយគ្នានេះដែរ លោក ប៉ែន សុវិជាតិ បានបង្ហាញទំនុកចិត្តថា ប្រជាជនចិនកាន់តែច្រើន នឹងមកធ្វើអាជីវកម្មនៅកម្ពុជា បន្ទាប់ពីប្រទេសចិន បានបង្កើនប្រសិទ្ធភាព នៃយុទ្ធសាស្ត្រកូវីដរបស់ខ្លួននៅដើមខែមករានេះ។
លោកបានបន្តថា “យើងគ្មានការងឿងឆ្ងល់ទេថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិននឹងមិនត្រឹមតែនាំមកនូវ ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកជំនួញ និងវិនិយោគិន មកកម្ពុជាម្តងទៀតដែរ ដោយសារទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងប្រទេសយើងទាំងពីរ”។
លោកប៉ែន សុវិជាតិបានបន្ថែមថា “ភ្ញៀវទេសចរចិន អ្នកជំនួញ និងវិនិយោគិន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការមកទស្សនាប្រទេសកម្ពុជា ហើយវត្តមានរបស់អ្នក បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់យើង”៕







