ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល ឆ្នាំ២០២៣ បន្តិចដោយសារតម្រូវការដ៏មានភាពធន់ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ការធ្លាក់ចុះនៃតម្លៃថាមពល និងការបើកដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិនឡើងវិញ។
IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលនឹងនៅតែធ្លាក់ចុះមកនៅត្រឹម២,៩ភាគរយ នៅឆ្នាំ២០២៣ ពី៣,៤ភាគរយ នៅឆ្នាំ២០២២។
ទោះបីជាយ៉ាងនេះក្តី ការព្យាករណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបង្អស់របស់ IMF បង្ហាញពីភាពប្រសើរឡើងជាងការព្យាករណ៍ក្នុងខែតុលា ដែលមានកំណើន២,៧ភាគរយ នៅក្នុងឆ្នាំ២០២៣នេះ។
សម្រាប់ឆ្នាំ២០២៤ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងកើនឡើងបន្តិចទៅ៣,១ភាគរយ ប៉ុន្តែទាបជាងការព្យាករណ៍ក្នុងខែតុលា ដោយសារផលប៉ះពាល់ពេញលេញនៃការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាល។

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់ IMF បានមានប្រសាសន៍ថា ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចបានធ្លាក់ចុះ ហើយធនាគារកណ្តាលកំពុងធ្វើឱ្យមានវឌ្ឍនភាព ក្នុងការគ្រប់គ្រង អតិផរណា ប៉ុន្តែត្រូវធ្វើការបន្ថែមទៀត ដើម្បីទប់ស្កាត់តម្លៃ និងការរំខានថ្មីៗពីសង្រ្គាមនៅអ៊ុយក្រែន និងការប្រយុទ្ធរបស់ចិនប្រឆាំងនឹងវិបត្តិកូវីដ។
IMF បានព្យាករណ៍ថា កំណើន GDP របស់អាមេរិក នឹងស្ថិតក្នុងរង្វង់១,៤ភាគរយ ដែលកើនឡើងពី១ភាគរយ នៃការព្យាករណ៍ក្នុងខែតុលា។
កំណើនសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ នៅឆ្នាំ២០២៣នេះនឹងកើនឡើង០,៧ភាគរយ ធៀបនឹង០,៥ភាគរយ នៅក្នុងការព្យាករណ៍កាលពីខែតុលា បន្ទាប់ពីទទួលបានកំណើន៣,៥ភាគរយនៅឆ្នាំ២០២២។
ចក្រភពអង់គ្លេស គឺជាប្រទេសសេដ្ឋកិច្ចជឿនលឿនដ៏សំខាន់តែមួយគត់ ដែល IMF ព្យាករណ៍ថា នឹងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ ជាមួយនឹងការធ្លាក់ចុះ០,៦ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈពលរដ្ឋជួបការលំបាកជាមួយនឹងការកើនឡើងតម្លៃរស់នៅ រួមទាំងថាមពល និងកម្ចីទិញផ្ទះ។
បន្ថែមលើនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានកែសម្រួលទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនកាន់តែខ្ពស់សម្រាប់ឆ្នាំនេះ មកត្រឹម៥,២ភាគរយ ពី៤,៤ភាគរយនៅក្នុងការព្យាករណ៍ខែតុលា បន្ទាប់ពីប្រទេសចិន បានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ៕







