ដោយ: គង់ លាងហួរ
វ៉ាស៊ីនតោន: សហរដ្ឋអាមេរិក បានបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណ សម្រាប់ក្រុមហ៊ុនអាមេរិក ក្នុងការនាំចេញទំនិញភាគច្រើនទៅកាន់ក្រុមហ៊ុន Huawei របស់ប្រទេសចិន។ នេះបើយោងតាមមនុស្ស៣នាក់ ដែលដឹងពីបញ្ហានេះ។
នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Reuter នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ។

ក្រុមហ៊ុន Huawei បានប្រឈមមុខនឹងការរឹតបន្តឹង ការនាំចេញរបស់សហរដ្ឋអាមេរិកជុំវិញទំនិញសម្រាប់ 5G និងបច្ចេកវិទ្យាផ្សេងទៀត អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមន្ត្រីនៅក្នុងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្តល់អាជ្ញាប័ណ្ណ សម្រាប់ក្រុមហ៊ុនអាមេរិកមួយចំនួន ក្នុងការលក់ទំនិញ និងបច្ចេកវិទ្យាមួយចំនួនដល់ក្រុមហ៊ុន Huawei។
កាលពីឆ្នាំ២០២០ ក្រុមហ៊ុន Qualcomm Inc របស់សហរដ្ឋអាមេរិក បានទទួលការអនុញ្ញាតឱ្យលក់បន្ទះឈីបស្មាតហ្វូន 4G ទៅឱ្យក្រុមហ៊ុន Huawei ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិក បានអះអាងថា “ក្រុមមន្ត្រីបន្តវាយតម្លៃគោលនយោបាយ និងបទប្បញ្ញត្តិរបស់យើង ប៉ុន្តែមិនធ្វើអត្ថាធិប្បាយលើការពិភាក្សាជាមួយក្រុមហ៊ុនជាក់លាក់នោះទេ”។
យោងតាមមនុស្សម្នាក់ ដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិកកំពុងបង្កើតគោលនយោបាយផ្លូវការថ្មីនៃការបដិសេធ សម្រាប់ការដឹកជញ្ជូនទំនិញទៅក្រុមហ៊ុន Huawei។
យោងតាមមនុស្សម្នាក់ទៀត បានឱ្យដឹងថា ចំណាត់ការនេះ ត្រូវបានគេរំពឹងថា នឹងឆ្លុះបញ្ចាំងពីគោលនយោបាយរឹតបន្តឹងរបស់សហរដ្ឋអាមេរិក លើក្រុមហ៊ុន Huawei ក្នុងរយៈពេល១ឆ្នាំកន្លងមក។
កាលពីឆ្នាំ២០១៩ មន្ត្រីអាមេរិកបានដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដោយដាក់កំហិតលើអ្នកផ្គត់ផ្គង់អាមេរិក ភាគច្រើន ពីការដឹកជញ្ជូនទំនិញ និងបច្ចេកវិទ្យា ទៅឱ្យក្រុមហ៊ុននេះ លុះត្រាតែពួកគេត្រូវបានផ្តល់អាជ្ញាប័ណ្ណ៕







