មន្រ្តីជាន់ខ្ពស់រំពឹងថា ការធ្វើដំណើរតាមផ្លូវអាកាសរវាងចិនកម្ពុជានឹងកើនដល់ចន្លោះពី៣០ទៅ៤០ភាគរយនៅឆ្នាំនេះ

0

   ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាកន្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានបង្ហាញនូវការរំពឹងទុកថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសរវាង​កម្ពុជា និងចិន នឹង​វិលមកភាពប្រក្រតីឡើងវិញ ក្នុងរង្វង់៣០% ទៅ៤០% បើធៀបទៅមុនវិបត្តិជំងឺកូវីដ-១៩ ចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ បន្ទាប់ពីចិនបើកប្រទេសឡើងវិញ។

លោកបានសរសេរលើរបាយការណ៍បញ្ជូន ជូនរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីដើមសប្តាហ៍នេះថា អាអាជ្ញាធរ​អាកាសចរ​ស៊ីវិលនៃប្រទេសទាំងពីរ បានឯកភាពគ្នាដាក់ដំណើការ ជើងហោះហើរជាប្រក្រតីឡើងវិញ ដោយអនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគីឡើងវិញ និងពុំមានការរិតត្បិត ឬកំណត់ចំនួនជើងហោះហើរទៀតឡើយ។


លោកបន្តថា នៅមុនពេលវិបត្តិជំងឺកូវីដ-១៩ ជើងហោះហើររវាងប្រ​ទេសទាំងពីរ គឺមានសរុបចំនួន៤១៥ជើងក្នុងមួយសប្តាហ៍​។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ហោះហើរ រវាងប្រទេសទាំងពីរមានចំនួន២២ក្រុមហ៊ុន​ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ចិនមានចំនួន១៦ និងកម្ពុជាមាន៦ក្រុមហ៊ុន​ ដោយភ្ជាប់​ការហោះហើរទៅកាន់ទីក្រុងចំនួន៣៧​ ដោយក្នុងនោះ ខាងកម្ពុជាមានចំនួន៣ទីក្រុង និងខាងចិនមានចំនួន៣៤ទីក្រុង។

ក្នុងឆ្នាំ២០២២​ កម្ពុជាទទួលបានអ្នកដំណើរចំនួនជាង២ លាននាក់ ​កើនឡើងជិត៩០០% បើធៀបទៅនឹងឆ្នាំ២០២១​ ហើយបើធៀបឆ្នាំ២០១៩ គឺអ្នកដំណើរមានចំនួនប្រមាណតែ២៥% ​នៃឆ្នាំ២០១៩។ ចំណែ​ក​ជើងហោះហើរមានចំនួនជិត ៣ម៉ឺនជើង ​កើនឡើងជាង ២៦០% បើធៀបទៅនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២១​។

ការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវអាកាស សម្រាប់ប្រទេសកម្ពុជា នឹងអាចកើតឡើងស្មើនឹងឆ្នាំ២០១៩ គឺនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ស្របទៅតាមនិន្នាការនៃការស្ទុះងើបឡើងវិញ របស់ពិភពលោក ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការមកដល់របស់ភ្ញៀវទេសចរណ៍ចិនបានតិចឬច្រើន អាស្រ័យលើពេល​វេលាជាក់លាក់ និងគោលនយោបាយសមស្រប ពិសេសក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិននាពេលខាងមុខ នឹងជាការបើកទ្វារស្វាគមន៍ពីកម្ពុជា ទៅកាន់ប្រទេសចិន ដែលយើងរំពឹងថា អ្នកទេសចរ ណ៍ និងវិនិយោគចិននឹងវិលមកកាន់កម្ពុជាឡើងវិញ។

លោកបន្តថា “យ៉ាងណាបច្ចុប្បន្នយើងឃើញ មានសញ្ញាសុទិដ្ឋិនិយម​បណ្តើរៗហើយ សម្រាប់លំហូរភ្ញៀវទេសចរណ៍ចិនមកកាន់កម្ពុជា ខណៈបច្ចុ​ប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចិនចន្លោះពី៥ទៅ៦ បានហោះមកកាន់កម្ពុជា”។

ជាមួយគ្នានេះ ​ក្រសួងទេសចរណ៍បានព្យាករណ៍ថា កម្ពុជានឹងអាចទទួ​លបានភ្ញៀវទេសចរណ៍ចិន១លាននាក់នៅឆ្នាំនេះ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ពីកំណើនទាបជាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here