ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ី មានស្ថិរភាពនៅថ្ងៃពុធនេះ ជាមួយនឹងសញ្ញានៃការធ្លាក់ចុះ នៃប្រាក់ឈ្នួលរបស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យមានការរំពឹងទុកថា ធនាគារកណ្តាលអាចពិភាក្សា បញ្ចប់ការដំឡើងអត្រាការប្រាក់ នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅពេលក្រោយ។

សន្ទស្សន៍ផ្សារហ៊ុន Wall Street បានហក់ឡើងវិញ ខណៈប្រាក់ដុល្លារដាំក្បាលចុះពេញមួយយប់ នៅពេលដែលរង្វាស់ប្រាក់ឈ្នួល ដែលជាសន្ទស្សន៍ថ្លៃការងាររបស់សហរដ្ឋអាមេរិក បានបង្ហាញពីការកើនឡើងត្រឹម១ភាគរយ កាលពីត្រីមាសទី៤ ដែលនេះជាកំណើនតិចតួចបំផុតក្នុងមួយឆ្នាំ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានហក់ឡើង០,៦ភាគរយ នៅពាក់កណ្តាលវគ្គ បន្ទាប់ពីបានដាំក្បាលចុះ១,២ភាគរយកាលពីថ្ងៃអង្គារ ខណៈផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុននៅទ្រឹង។
ធនាគារកណ្តាលអាមេរិក គ្រោងនឹងប្រកាសការសម្រេចចិត្តលើការដំឡើងអត្រាការប្រាក់របស់ខ្លួន នៅម៉ោង1900 GMT បន្ទាប់មកនឹងមានការធ្វើសន្និសីទសារព័ត៌មាន ជាមួយប្រធានធនាគារ លោកJerome Powell នាពេលកន្លះម៉ោងក្រោយមក។
ក្រុមវិនិយោគិន កំពុងព្យាយាមវាស់ស្ទង់ថាតើលោក Jerome Powell ខំប្រឹងយ៉ាងណា ដើម្បីជំរុញតម្លៃទីផ្សារសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ ដែលនឹងចាប់ផ្តើមភ្លាមៗនៅឆមាសទី២ ឆ្នាំ២០២៣នេះ។
ប្រាក់ដុល្លារបានដាំក្បាលចុះ ក្នុងរយៈពេល៤ខែជាប់ៗគ្នា ក្នុងខែមករា និងបានដាំក្បាលចុះ១,៥ភាគរយ ធៀបនឹងប្រាក់អឺរ៉ូ និង០,៨ភាគរយ ធៀបនឹងប្រាក់យ៉េន៕







