សេដ្ឋកិច្ចថៃ រំពឹងសម្រេចបានកំណើន៤ភាគរយនៅឆ្នាំ២០២៣ ដោយសារការងើបឡើងនៃវិស័យទេសចរណ៍

0

ដោយៈ សុខុម

បាងកក: សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងសម្រេចបានកំណើនរហូតដល់ទៅ៤%ក្នុងឆ្នាំ២០២៣ ដែលជាអត្រាកំណើនលឿនបំផុត ក្នុង    រយៈពេល៥ឆ្នាំ ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើ​នតម្រូវការប្រើប្រាស់ក្នុងស្រុក។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថាពលថៃ លោក Supattanapong Punmeechaow បានលើកឡើងបែបនេះ អំឡុងសិក្ខាសាលាមួយកាលពីថ្ងៃពុធ ទី០១ ខែកុម្ភៈ។

លោក Supattanapong Punmeechaow ដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចដែរនោះបានបន្ថែមទៀតថា ការវិនិយោគថ្មីៗក៏នឹងរួមចំណែកជួយជំរុញកំណើននេះដែរ។

លោកបានបន្តថា “សេដ្ឋកិច្ចគឺប្រាកដជាល្អប្រសើរ ជាងឆ្នាំកន្លងទៅ ទោះបីជាទទួលរងផលប៉ះពាល់ខ្លះ ពីការឡើងថ្លៃថាមពលខ្លី។ បច្ចុប្បន្ន ស្ថា​នភាពសេដ្ឋកិច្ចកំពុងតែងើបឡើង ហើយនឹងវិលទៅរកស្ថានភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ”។ លោកបន្ថែមទៀតថា “តាមការរំពឹងទុក ប្រទេសថៃ នឹងទទួលបានភ្ញៀវទេសចរជាង២០លាននាក់នៅឆ្នាំនេះ”។

សេដ្ឋកិច្ចរបស់ប្រទេសថៃ បានងើបឡើងយឺតជាងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយវិស័យទេសចរណ៍ ដែលមានសារៈសំ​ខាន់ខ្លាំង សម្រាប់សេដ្ឋកិច្ចប្រទេសនេះ ទើបតែចាប់ផ្ដើមងើបឡើងកាលពីឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរបរទេស ចំនួន១១,១៥លាននាក់។

កាលពីសប្ដាហ៍មុន ក្រសួងហិរញ្ញវត្ថថៃ បានរក្សាទុកការព្យាករកំណើ​នសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៣,៨% ប៉ុន្តែបានកាត់បន្ថយការព្យាករកំណើនឆ្នាំ២០២២ របស់ខ្លួនពី៣,៤%មកនៅត្រឹម៣,០% ខណៈការនាំចេញធ្លាក់ចុះ។

រដ្ឋាភិបាលថៃ នឹងចេញផ្សាយរបាយការណ៍​ ទិន្នន័យផលទុនជាតិសរុប (GDP) ជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here