ប្រទេសកម្ពុជានឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៥ទីតាំង នៅប្រទេសចិន

0

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានដាក់ផែន​ការ ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាចំនួន៥ ទីតាំងនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែច្រើនថែមទៀត។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅក្នុងសប្តាហ៍នេះថា ក្នុងយុទ្ធសាស្ត្រសមាហរណកម្ម និងពិពិធកម្មទីផ្សារ  ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជា នៅលើទីផ្សារប្រទេសចិនបន្ថែមទៀត ក្រសួងបាននិងកំពុងរៀបចំរាយការណ៍ស្តីពីការចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា០៥ទីតាំងទៀត នៅក្នុងប្រទេសចិន។

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានោះ មានទីតាំងនៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវ នៃប្រទេសចិន។

ជាមួយគ្នានេះ ក្រសួងក៏បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងកិច្ចសហការលើកកម្ពស់ផលិតផលខ្មែរ ជាមួយក្រុមហ៊ុន និងស្ថាប័នចំនួន៦ រួមមាន(១)ក្រុមហ៊ុនភីធីធី (ខេមបូឌា) (២)មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងវិទ្យាស្ថានរចនាម៉ូដជប៉ុន (៣)ធនាគារហត្ថា (៤)ក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា)  (៥)មន្ទីរពាណិជ្ជកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និង (៦)អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការជំរុញ ការនាំចេញផលិតផលសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ។

បន្ថែមលើសនេះ ក្រសួងក៏បានរៀបចំថ្នាលទីផ្សារផ្សព្វផ្សាយ និងលក់ទំនិញ ដែលមានឈ្មោះថា Go4eCam និងកំពុងរៀបចំអនុស្សារណៈ ធ្វើកិច្ចសហការជាមួយក្រុមហ៊ុនឯកជន និងអ្នកដឹកជញ្ជូនតាមយន្តហោះ ដើ​  ម្បីជំរុញការធ្វើម៉ាកទំនិញកម្ពុជា និងការលក់ទំនិញទៅប្រទេសចិន និងអាស៊ាន តាមរយៈលើកទឹកចិត្តឱ្យមានការតភ្ជាប់ថ្នាលលក់ ទំនិញរបស់កម្ពុជាជាមួយថ្នាលលក់ទំនិញល្បីៗរបស់ប្រទេសចិន និងប្រទេសក្នុងតំបន់ផងដែរ។

ក្រៅពីនេះ ក្រសួងក៏បានបានរៀបចំ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុង Atsugi ខេត្ត Kanagawa ប្រទេសជប៉ុន ដើម្បីដាក់តាំងបង្ហាញ និងលក់ផលិតផលកម្ពុជាជាអចិន្ត្រៃយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here