ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក (Rest Areas) តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងផែនទី Google Maps ហើយ។
យោងតាមព៌តមានដែលបានបង្ហាញ លើបណ្តាញទំនាក់ទំនងសង្គមនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានបង្ហោះកាលពីថ្ងៃទី២ កុម្ភៈកន្លងមកបានឲ្យដឹងថា លោកអ្នកអាចស្វែងរកទីតាំងច្រកចេញចូល និងទីតាំងទាំង៤ នៃតំបន់ឈប់សម្រាក (Rest Areas) តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកាន់តែងាយស្រួល និងឆាប់រហ័ស តាមរយៈផែនទី Google Maps។

ទន្ទឹមនឹងនេះ តំបន់ឈប់សម្រាកចំនួន០២ គឺទីតាំងកំពង់ស្ពឺ(K63) និង ទីតាំងកំពង់សិលា(K109) ក៏បានបើកឱ្យដំណើរការនូវស្ថានីយប្រេងឥន្ធនៈផងដែរ។
ជាមួយនឹងសេវាកម្មនានាដែលបានផ្តល់ជូន ធ្វើឱ្យការបើកបរលើចម្ងាយផ្លូវ១៨៧,០៥គីឡូម៉ែត្រនេះ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព ប៉ុន្តែការបើកបរដោយសុវត្ថិភាព គឺផ្តើមចេញពីអ្នកបើកបរផ្ទាល់។

សូមចូលរួមគោរពតាមសេចក្តីណែនាំ សម្រាប់ការបើកបរលើផ្លូវល្បឿនលឿន ជាពិសេសគឺគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕






