រដ្ឋបាលខេត្តកោះកុងទុកពេល៥ថ្ងៃដល់អ្នកលួចសង់ខ្ទមលើដីរដ្ឋនិងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុបឱ្យចាកចេញ

0

  ដោយៈ សុផារី

កោះកុងៈ រដ្ឋបាលខេត្តកោះកុង បានសម្រេចទុកពេលវេលារយៈពេល៥ថ្ងៃ ដល់អ្នកលួចសង់ខ្ទមប្រមាណជា៧៣ខ្ទមលើដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប ត្រូវរុះរើឱ្យអស់ ដោយព្រមាននឹងមានវិធានការច្បាប់ជាពុំខាន។

លោកសុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមអនុវត្តវិធានរដ្ឋបាលរុះរើខ្ទម អនាធិ​បតេយ្យសង់លើដីរដ្ឋនៅឃុំជ្រោយប្រស់ និងឃុំត្រពាំងរូង ស្រុកកោះកុង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក សុខ សុទ្ធីបានឱ្យដឹងថា ខ្ទមដែលសង់លើដីរដ្ឋមួយភាគធំ ជាដីដែលត្រូវបានកាត់ឆ្វៀល ពីរាជរដ្ឋាភិបាលប្រគល់មកឱ្យរដ្ឋបាលខេត្ត ជាអ្នកគ្រប់គ្រង និងមួយផ្នែកទៀតជាដីដែលក្រសួងកសិកម្ម ផ្តល់កិច្ចសន្យាជួលរយៈពេលវែងជាមួយក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ទទួលសិទ្ធិវិនិយោគកន្លងមក។

លោកបានបន្តថា រដ្ឋបាលខេត្តនឹងចេញលិខិត ជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប រុះរើដោយខ្លួនឯង និងចាកចេញពីដីរដ្ឋ ត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត ហើយនឹងចុះអនុវត្តវិធានរដ្ឋបាលរុះរើ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ខ្ទម។

លោកក៏លើកឡើងថា ការរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ការទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់ ដោយយោងតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រង់មាត្រា៨១ ចែងថា “រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here