ដោយៈ សុខុម
ប៉េកាំង: ការស្ទង់មតិបង្ហាញថា សណ្ឋាគារ និងភោជនីយដ្ឋាននានានៅប្រទេសចិន នាពេលនេះកំពុងសម្រុកជ្រើសរើសបុគ្គលិក ក្នុងចំនួនយ៉ាងច្រើនសម្បើម ស្របពេលតម្រូវការងើបឡើងក្នុងវិស័យសេវាកម្ម បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ចប់គោលនយោបាយសូន្យ-កូវីដ។
លទ្ធផលនៃការស្ទង់មតិ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ដោយក្រុមហ៊ុន Zhaopin ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកដ៏ធំបំផុតមួយនៅប្រទេសចិនបង្ហាញថា អំឡុងពេល៦ថ្ងៃដំបូង នៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានបញ្ចប់ទៅឱកាសការងារក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចបានកើនឡើង៤០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកបើកបររថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ព្រមទាំងបុគ្គលិកបម្រើការលើយន្តហោះ និងរថភ្លើងក៏កំពុងមានតម្រូវការខ្លាំងផងដែរ ដោយឱកាសការងារនេះ បានកើនឡើងរហូតដល់៨៥,២% បើធៀបនឹងរយៈពេលដូចគ្នា ដោយសារតែវិស័យដឹកជញ្ជូន និងភ័ស្តុភារមមាញឹកខ្លាំង បន្ទាប់ពីប្រទេសចិន បើកព្រំដែនឡើងវិញ ដោយបញ្ចប់នូវវិធានការកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុតរបស់ខ្លួន។
ការបើកឱកាសការងារក្នុងឧស្សាហកម្ម សេវាកម្មទេសចរណ៍បានកើនឡើង៥៨,៩% ដោយសារការបោះបង់ចោល គោលនយោបាយសូន្យ-កូវីដ ព្រមទាំងតម្រូវការកើនឡើង ក្នុងរដូវបុណ្យចូលឆ្នាំផងដែរ ខណៈការប្រកាសជ្រើសរើសកម្មករ ក្នុងវិស័យផលិតកម្មក៏កើនឡើង៤២,២%។

ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ នៅក្នុងទីក្រុងធំៗចំនួន៣៨ រួមមានទាំងទីក្រុងប៉េកាំង ក្រុងសៀងហៃ និងក្រុងស៊ឹនជិន (Shenzhen) ផងដែរ។
ប្រមាណ៧២%នៃក្រុមហ៊ុន ដែលត្រូវបានស្ទង់មតិនិយាយថា ពួកគេមានសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារការបន្ធូរបន្ថយវិធានការទប់ស្កាត់កូវីដ-១៩ និងការផ្តល់អាទិភាពលើកំណើនសេដ្ឋកិច្ចនាំមកនូវទំនុកច្រើនជាងមុន។
ទោះជាយ៉ាងណា ដោយសារមានភាពមិនច្បាស់លាស់ខ្ពស់ នៅក្នុងវិស័យអចលនទ្រព្យ និងការនាំចេញរបស់ប្រទេសចិន អ្នកស្វែងរកការងារកាន់តែច្រើនឡើង បានស្វែងរកការងារដែលមានសុវត្ថិភាព។

តួលេខបង្ហាញថា ប្រមាណ៣៣,៩% នៃអ្នកស្វែងរកការងារនិយាយថា ពួកគេនឹងស្វែងរក “ការងារដែលមានស្ថិរភាព ដោយគ្មានហានិភ័យត្រូវគេបញ្ឈប់ពីការងារ” បើធៀបនឹង២៦,៨%កាលពីឆ្នាំមុន។
ការស្ទង់មតិឯកជនមួយផ្សេងទៀត បានបង្ហាញកាលពីថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ថា សកម្មភាពសេវាកម្មក្នុងប្រទេសចិន ក្នុងខែមករា បានកើនឡើងជាលើកដំបូង ក្នុងរយៈពេល៥ខែមកនេះ៕ Reuters៕







