ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាបានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងការចាកចេញពីស្ថានភាពប្រទេស ដែលមានការអភិវឌ្ឍតិចបំផុត(LDC) ខណៈការសិក្សាលើផលប៉ះពាល់នៃការចាកចេញ ការប្រឈម និងការបាត់បង់គម្រោងអនុ គ្រោះពាណិជ្ជកម្ម ត្រូវបានធ្វើឡើងរួចជាស្រេច។
លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យក្រសួងពាណិជ្ជកម្ម ពង្រឹងការត្រៀមខ្លួនរបស់រដ្ឋាភិបាល ក្នុងការចាកចេញពីផែនការ LDC ផងដែរ។
លោកបានថ្លែងបែបនេះ ក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មថា “កម្ពុជាកំពុងរៀបចំរាជរដ្ឋាភិបាល ដើម្បីអនុវត្តផែនការចាកចេញពីស្ថានភាព ប្រទេសមានការអភិវឌ្ឍតិចបំផុត (LDC) ដើម្បីសម្រេចបាននូវការវាយតម្លៃ របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៤”។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យពិនិត្យ ឱ្យបានដិតដល់នូវផលប៉ះពាល់នៃការចាកចេញពី LDCs លើការចរចាក្រោមអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខ័ណ្ឌតំបន់ស្តីពីសេដ្ឋកិច្ចកម្ពុជា ជាពិសេសត្រូវត្រៀមលក្ខណៈ ដើម្បីចរចាលើ GSP Plus ថ្មី ដើម្បីរក្សាចំណែកទីផ្សារ រក្សាតុល្យភាពផលិតកម្ម និងភាពទាក់ទាញសម្រាប់ការវិនិយោគនៅកម្ពុជា ។


ដើម្បីអាចចាកចេញពីឋានៈ ជាប្រទេសអភិវឌ្ឍន៍តិចតួច គណៈកម្មការអង្គការសហប្រជាជាតិស្តីពី គោលនយោបាយអភិវឌ្ឍន៍ឆ្នាំ២០២៤ បានដាក់ចំណាត់ថ្នាក់ ប្រទេសកម្ពុជានៅលំដាប់ទី២ តាមរយៈការត្រួតពិនិត្យ រយៈពេល៣ឆ្នាំ។
ទោះជាយ៉ាងនេះក្តី បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈ ជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជានឹងលែងទទួលបានការ អនុគ្រោះពន្ធពាណិជ្ជកម្ម និងវិធានការទាក់ទងនឹងជំនួយអន្តរជាតិតទៅទៀតហើយ។
បន្ថែមលើនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យក្រសួងបន្តធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាមាន ជាពិសេសកិច្ចព្រមព្រៀង RCEP និងកតិកាសញ្ញាជាមួយប្រទេសចិន និងកូរ៉េខាងត្បូង។
ដើម្បីចាកចេញពីស្ថានភាពនេះ កម្ពុជាត្រូវឆ្លងកាត់ដំណាក់កាលយ៉ាងហោចណាស់ចំនួន៣ប្រភេទ រួមមាន ប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់ៗ សន្ទស្សន៍ទ្រព្យសម្បត្តិមនុស្ស (HAI) និងសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន ហើយបច្ចុប្បន្ននេះ កម្ពុជាបានឆ្លងផុតដំណាក់កាលចំនួន២រួចហើយ៕







