ដោយៈ សុខុម
វៀងចន្ទន៍: អំឡុងកិច្ចប្រជុំថ្នាក់ជាតិស្ដីពី វិស័យថាមពល និងរ៉ែនៅទីក្រុងវៀងច័ន្ទន៍ ក្នុងឆ្នាំ២០២២ ក្រសួងថាមពល និងរ៉ែបានបង្ហាញថា ប្រទេសឡាវ បច្ចុប្បន្នមានសមត្ថភាពផលិតថាមពលអគ្គិសនី លើសពី១មេហ្គាវ៉ាត់ (MW) នៅទូទាំងប្រទេស។
យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឱ្យដឹងថា សមត្ថភាពផលិតថាមពលអគ្គិសនី សរុបនៃរោងចក្រថាមពលទាំង៩៤ នាពេលបច្ចុប្បន្នក្នុងប្រទេសឡាវ គឺមានរហូតដល់ជាង១១,៦៦៤មេហ្គាវ៉ាត់ (MW) ឯណោះ។ នេះមានន័យថា ប្រទេសឡាវ អាចផលិតថាមពលអគ្គិសនី បានរហូតដល់ទៅ៥៨.៨១៣ជីហ្គាវ៉ាត់ (GW) ក្នុងមួយឆ្នាំៗ។

នៅក្នុងកិច្ចប្រជុំនោះ លោក Daovong Phonekeo អតីតរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែបានស្នើឱ្យក្រសួងនេះ ធ្វើយ៉ាងណាអភិវឌ្ឍថាមពលអគ្គិសនី និងឧស្សាហកម្មរ៉ែ ឱ្យទទួលបានជោគជ័យក្នុងរយៈពេលមួយឆ្នាំ។
លោកក៏បានលើកឡើងដែរថា ការអភិវឌ្ឍនេះ បាននាំមកនូវផលប្រយោជន៍ផ្ទាល់ និងប្រយោលយ៉ាងច្រើនរាប់មិនអស់ ដូចជាការបង្កើតការងារជូនពលរដ្ឋ ការស្ថាបនាផ្លូវថ្នល់ ការសាងសង់សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្សារ វត្តអារាម និងការផ្គត់ផ្គង់ទឹកស្អាតជាដើម។
អតីតរដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា គោលបំណងចម្បងរបស់ក្រសួងក្នុងឆ្នាំ២០២២ គឺធ្វើយ៉ាងណាផ្គត់ផ្គង់ថាមពលអគ្គិសនី ជាអចិន្ត្រៃយ៍ឱ្យបានរហូតដល់៩៥% នៃគ្រួសារពលរដ្ឋឡាវ ទាំងអស់នៅត្រឹមដំណាច់ឆ្នាំ។
ឡាវ ត្រូវបានគេដឹងថា ជាប្រទេសនាំចេញអគ្គិសនី ទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន ដូចជា ប្រទេសវៀតណាម ថៃ មីយ៉ាន់ម៉ា សិង្ហបុរី រួមទាំងកម្ពុជា និងប្រទេសចិនផងដែរ៕ Laotian Times៕







