ដោយៈ គង់ លាងហួរ
ភ្នំពេញៈ ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លោក សុក ស៊ីផាណា បានថ្លែងនៅមុខសហគ្រិនកម្ពុជា រាប់រយនាក់កាលពីចុងសប្ដាហ៍កន្លងទៅនេះឱ្យដឹងថាបន្តិចទៀត លំហូរទុនវិនិយោគពីប្រទេសក្រៅ នឹងចូលមកកម្ពុជាឡើងវិញ ហើយមានចំនួនកាន់តែច្រើន ដើម្បីបណ្ដាក់ទុនវិនិយោគនិងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសវិញ។
លោកសុខ ស៊ីផាណាបានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗមួយចំនួន ដែលអាចទាក់ទាញវិនិយោគិនបរទេស ចូលមកមកបណ្ដាក់ទុនវិនិយោគនានា ហើយនាំចេញទៅកាន់ទីផ្សារ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន ដែលបានចូលជាធរមានកាលពីដើមឆ្នាំ ២០២២ កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថាRCEP ក៏បានចូលជាធរមានកាលពីដើមឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាជាមួយប្រទេសកូរ៉េ ចូលជាធរមានកាលពីចុងឆ្នាំ ២០២២កន្លងទៅនេះ ។
លោកបន្តថា “ប្រទេសកម្ពុជាបើប្រៀបធៀប ជាមួយនឹងប្រទេសផ្សេងៗក្នុងតំបន់ឃើញថា បរិយាកាសវិនិយោគរបស់យើង មានភាពល្អប្រសើរខ្លាំងណាស់ ដែលអាចឱ្យវិនិយោគិនមកពីបណ្ដាប្រទេសនានា ស្វែងរកឱកាស ក្នុងការបណ្ដាក់ទុនដើម្បីរកប្រាក់ចំណេញ”។ លោកបន្តថា “សម្រាប់សហគ្រិនក្នុងស្រុករបស់យើង ក៏អាចមានឱកាសក្នុងការប្រកួតប្រជែងជាមួយសហគ្រិនបរទេសនានា ក្នុងតំបន់បានផងដែរ”។

យ៉ាងណាក្ដីសម្រាប់សហគ្រិនក្នុងស្រុក ជាជំហានដំបូងគួរតែពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យខ្លាំង ធ្វើយ៉ាងណាផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឱ្យគ្រប់គ្រាន់ជាមុនសិន ទើបចាប់ផ្ដើមប្រកួតប្រជែងនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែម សម្រាប់ត្រៀមខ្លួនក្នុងការស្វាគមន៍ និងផ្ដល់ជូនដល់វិនិយោគិនបរទេស ដែលនឹងចូលមកកម្ពុជាឡើងវិញ នៅពេលឆាប់ៗនិងនៅពេលអនាគត។

សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងផងដែរថា ប្រទេសមួយ ដែលមានការអភិវឌ្ឍគឺត្រូវសំបូរ ទៅដោយធនធានមនុស្សប្រកបដោយគុណភាពនិងសមត្ថភាពខ្ពស់ ។ សម្រាប់កម្ពុជា មានធនធានធម្មជាតិសំបូរច្រើនហើយ តែសំខាន់យើងត្រូវបណ្ដុះបណ្ដាលធនធានមនុស្សឱ្យកាន់តែច្រើន និងគុណភាព ដើម្បីទាញយកប្រយោជន៍ពីធម្មជាតិទាំងនោះ ដើម្បីអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនបន្ថែមទៀត ។
ឆ្នាំ២០២៣នេះបណ្ដាវិនិយោគិនក្នុងស្រុក ក៏ដូចជាអ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើន បានរំពឹងខ្ពស់ពីការវិលត្រលប់មកវិញ នៃវិនិយោគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសចិន ដែលនឹងអាចជួយស្ដារប្រទេសកម្ពុជាឱ្យវិល ទៅរកស្ថានភាពដូចស្ថានភាពមុនកូវីដ១៩វិញ៕







