IMF ស្នើដល់ប្រទេសចិន​ឱ្យបន្ធូរបន្ថយ​គោលនយោបាយ​បន្ថែម​ទៀតស្របពេលសេដ្ឋកិច្ច​កំពុងស្ទុះ​ងើប​ឡើង​វិញ​

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសចិនគួរតែបង្វែការចំណាយរបស់រដ្ឋាភិបាល ដើម្បីផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងចាត់វិធានការបន្ថែមទៀត ដើម្បីស្តារវិស័យអចលនទ្រព្យនៅឆ្នាំនេះ ។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

IMF បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា អាជ្ញាធរចិនចាំបាច់ត្រូវទប់ស្កាត់ ការរឹតបន្តឹងគោលនយោបាយ និងពន្លឿនការកែទម្រង់រចនាស   ម្ព័ន្ធដូចជា ការប្រកួតប្រជែងដោយស្មើភាពគ្នា រវាងសហគ្រាសរដ្ឋ និងឯកជន ដើម្បីលើកកម្ពស់ការរំពឹងទុកកំណើនរយៈពេលវែង។

លោកស្រី Sonali Jain-Chandra ប្រធានបេសកកម្មសម្រាប់ប្រទេសចិន បានអះអាងថា “IMF មើលឃើញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែដំណើរការទាបជាងសក្តានុពល”។

លោកស្រីបានបន្តថា “ការបន្ធូរបន្ថយរូបិយវត្ថុ បន្ថែមគឺមានភាពចាំ​បាច់ត្រូវធ្វើ និងសម្ពាធអតិផរណាត្រូវបានកាត់បន្ថយ”។

សកម្មភាពក្នុងវិស័យសេវាកម្មចិន បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស នៅឆ្នាំនេះ បន្ទាប់ពីគោលនយោបាយសូន្យកូវីដ ត្រូវបានលុបចោល ទោះបីជាការងើបឡើងវិញ នៃវិស័យឧស្សាហកម្មត្រូវបានកាត់បន្ថយ ដោយសារតែថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំថ្មីយ៉ាងណាក្តី។

IMF បានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងកើនឡើង៥,២ភាគរយនៅឆ្នាំនេះ ពោលគឺកើនឡើងពី៣ភាគរយ ក្នុងឆ្នាំ២០២២ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ឯកជន។

លោក Thomas Helbling អនុប្រធាន IMF ប្រចាំនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “ផលប៉ះពាល់លើអតិផរណាសកលពីការបើកឡើងវិញ និងការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិននឹងមានកម្រិត ដោយសារតម្លៃថាមពល បាននឹងកំពុងធ្លាក់ចុះ ហើយនឹងនៅទាបជាងការរំពឹងទុក”។

លោកបានបន្តថា “ការកើនឡើងនៃការនាំចូលរបស់ប្រទេសចិន នឹងមានភាពរឹងមាំជាងមុន ក្នុងចំណោមសេវាកម្មជាជាងទំនិញ ហើយការស្ទុះងើបឡើងវិញ នៃទេសចរណ៍ក្រៅប្រទេស នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសក្នុងតំបន់អាស៊ីដូចជា ប្រទេសថៃ និងហ្វីលីពីន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here