ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ កម្ពុជានៅតែបន្តអនុម័ត គម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ហើយគម្រោងភាគច្រើន ដែលអនុម័តចុងក្រោយនេះ គឺជាគម្រោងវិនិយោគរោងចក្រឧស្សាហកម្ម ដោយបានផ្ដល់ឱកាសការងារ ដល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនកន្លែង។
ជាក់ស្ដែងយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញ ផ្សាយនៅ ព្រឹកថ្ងៃទី៧ កុម្ភៈ ២០២៣នេះ គម្រោងវិនិយោគថ្មី១១ គម្រោងមានទឹកប្រាក់ជិត៦០លានដុល្លារ ត្រូវបានចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគជាផ្លូវការ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញ គម្រោងទាំង១១ដែលបានអនុម័ត និងចេញផ្សាយនៅថ្ងៃនេះ ក្នុងរួមមាន ទី១. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្បាលដីលេខ១ ផ្លូវជាតិលេខ៤១ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។
ទី២ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៦,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៧៨កន្លែង។

ទី៣. គម្រោងបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាត ម៉ាស និងអៀម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.២៦៣កន្លែង។
ទី៤. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២២៤ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦១០កន្លែង។
ទី៥. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៤៧កន្លែង ។
ទី៦. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ប្រមាណ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង។
ទី៧. គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។

ទី៨. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។
ទី៩ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំ នៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៥០០កន្លែង។
ទី១០. គម្រោងបង្កើតរោងចក្រផលិត សម្ភារៈការិយាល័យ (ក្រូណូដាក់ឯកសារ) ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣៥០កន្លែង។
ទី១១. គម្រោងបង្កើតរោងចក្រ ផលិតសម្ភារៈកីឡាធ្វើពីស្បែក និងក្រណាត់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ៦០០ពាន់ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ២០០កន្លែង ៕






