ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ សមាគមជប៉ុន-កម្ពុជាហៅកាត់ថា (JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរបស់ខ្លួន ឱ្យបានច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍ វិស័យធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមានសមត្ថភាព ទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។
នេះបើតាមលោកតាកាហាហ្ស៊ិ ហ៊្វូមីអាគិ ប្រធានសមាគមថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅព្រឹកថ្ងៃតី ០៧ កុម្ភៈ ២០២៣ ។
លោកបណ្ឌិតអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់ទុកលោកប្រធានសមាគម គឺជាមិត្តដ៏ល្អមួយរូបរបស់កម្ពុជា និងជាអ្នកការទូត ដ៏មានសមត្ថភាពរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរប្រកបដោយផ្លែផ្កា។
លោកបញ្ជាក់ថា “រដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិត ដៃគូរជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ លោកបន្តថា “មួយវិញទៀតលំហូរ ពាណិជ្ជករជប៉ុន ចូលមកកម្ពុជាកាន់តែច្រើន វិនិយោគលើគ្រប់ វិស័យបានផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា បានយ៉ាងច្រើន នេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទងរបស់កម្ពុជា” ។

លោករដ្ឋមន្រ្តីបានបន្តថា ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រងក្រុមហ៊ុន រោងចក្រឱ្យកាន់តែមានភាពងាយស្រួល។ លោកថា “សម្គាល់ឃើញថា ក្រុមហ៊ុនរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទការងារណាស់ ក្រុមហ៊ុនអនុវត្តទៅតាមច្បាប់បានល្អ រួមនឹងទំនាក់ទំនងរវាងនិយោជកជប៉ុន និងកម្មករនិយោជិតកម្ពុជាមានភាពសុខដុមរមនានឹងគ្នា”។
លោកបន្ថែមថា កម្ពុជាចង់ឃើញកម្មសិក្សាការីរបស់ខ្លួន បានទៅធ្វើការនៅប្រទេសជប៉ុនឱ្យបាន៥ម៉ឺននាក់ ខណៈបច្ចុប្បន្នកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅជប៉ុន មានប្រមាណតែជាង២ម៉ឺននាក់ប៉ុណ្ណោះ។ លោកបានស្នើដល់ខាងភាគីជប៉ុន បណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវចំនួន៥ម៉ឺន នាក់នាពេលដ៏ខ្លីខាងមុខនេះ។
នៅក្នុងជំនួបនោះដែរ លោក Fumiaki រួមនឹងសមាជិកសមាគម បានប្តេជ្ញានឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាជួយមកកម្ពុជា លើជំនាញចំាបាច់និងអាទិភាព ដែលកំពុងមានតម្រូវការសម្រាប់ ទៅធ្វើការនៅប្រទេសជប៉ុន។

ជាមួយនឹងនេះ ដោយសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុន បានចរាចរណ៍នៅកម្ពុជា មានចំនួនកាន់តែច្រើន ដែលជាឱកាសមួយ សម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាល លើជំនាញថែទាំ និងជួសជុលរថយន្តនេះ ទៅដល់យុវជនកម្ពុជា ឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់ការបណ្តុះបណ្តាលជំនាញកែសម្ផស្ស ដែលជាជំនាញមួយកំពុងតែពេញនិយម ដែលអាចផ្តល់ចំណូលបានប្រសើរ បើយុវជន យុវតីរបស់កម្ពុជា ចាប់យកអាជីពខាងកែសម្ជស្សនេះបានស្ទាត់ជំនាញ ។
ក្រលេកមកមើលការវិនិយោគរបស់ជប៉ុន នៅកម្ពុជានាពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋកម្ពុជា ដូចជា គម្រោងវិនិយោគលំនៅឋាន ជាពិសេសផ្សារទំនើបអ៊ីអនម៉ល ដោយមកដល់បច្ចុប្បន្ននេះ ផ្សារទើបជប៉ុនមួយនេះ បានពង្រីកទីតាំង៣កន្លែងហើយ និងកំពុងទទួលបានការគាំទ្រច្រើនពីពលរដ្ឋកម្ពុជាផងដែរ ៕







