ឥណ្ឌាបើកដំណើរការរោងចក្រផលិតឧទ្ធម្ភាគចក្រដ៏ធំបំផុតដើម្បីជំរុញ វិស័យការពារជាតិថ្មី

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌាបានបើករោងចក្រ ផលិតឧទ្ធម្ភាគចក្រដ៏ធំបំផុតរបស់ខ្លួន ដែលអាចផលិតបានយន្តហោះ លើសពី១.០០០គ្រឿង ក្នុងមួយឆ្នាំ។

នេះជាផ្នែកមួយ នៃការជំរុញការពឹងផ្អែកលើខ្លួនឯង លើផ្នែកការពារជាតិ ដើម្បីប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ប្រទេសចិន។

ទីក្រុងញូវដែលី ក៏បានប្រកាសអំពីការកើនឡើងចំនួន២ខ្ទង់ នៅក្នុងថវិកាការពារជាតិប្រចាំឆ្នាំរបស់ខ្លួន កាលពីសប្តាហ៍មុន ជាមួយនឹងការសម្លឹងមើលគូប្រជែង ភូមិសាស្ត្រនយោបាយរបស់ខ្លួន ដែលជាប់ព្រំដែនភាគខាងជើង។

ឥណ្ឌាគឺជាប្រទេសនាំចូលអាវុធដ៏ធំបំផុតមួយ នៅក្នុងពិភពលោក ហើយទោះបី ជាមានការខិតខំនាពេលថ្មីៗនេះ ដើម្បីឆ្ពោះទៅរកការផលិតផ្នែកការពារក្នុងស្រុកក៏ដោយ ក៏ប្រទេសនេះនៅតែពឹងផ្អែកខ្លាំង លើផ្នែករឹងពីទីក្រុងមូស្គូ ដែលជាអ្នកផ្គត់ផ្គង់ផ្នែកយោធាដ៏ធំ និងចំណាស់ជាងគេរបស់ឥណ្ឌា។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានមានប្រសាសន៍ថា រោងចក្រឧទ្ធម្ភាគចក្រថ្មីនេះ បំពេញតាមការសន្យារបស់រដ្ឋាភិបាលរបស់យើង ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌាជាបណ្តើរៗ លើបរទេសសម្រាប់តម្រូវការការពារជាតិ។

លោកបន្តថា “ខ្ញុំសប្បាយចិត្ត ដែលអាវុធ និងប្រព័ន្ធការពាររាប់រយប្រភេទ ចាប់ពីកាំភ្លើងវាយប្រហារទំនើបរហូតដល់រថក្រោះ នាវាផ្ទុកយន្តហោះ ឧទ្ធម្ភាគចក្រ និងយន្តហោះដឹកជញ្ជូន ឥឡូវនេះកំពុងត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា”។

រោងចក្រ​ឧទ្ធម្ភាគចក្រ​ដ៏ធំ​បំផុត នៅ​តំបន់អាស៊ី​នេះ នឹង​ផលិត​ឧទ្ធម្ភាគចក្រប្រភេទ Light Utility Helicopters ជាលើកដំបូង ដែល​រចនា​ឡើង​ដោយ​ឥណ្ឌា និង​ត្រូវពង្រីក​ខ្លួន​បន្ថែម ដើម្បី​បង្កើត​ឧទ្ធម្ភាគចក្រ​ពហុមុខងារ​ផ្សេង​ៗទៀត។

រោងចក្រនេះ ស្ថិតនៅភាគខាងត្បូងរដ្ឋ Karnataka និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ តែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទីក្រុងញូវដេលី បានបង្ហាញឧទ្ធម្ភាគចក្រវាយប្រហារ ដែលរចនាឡើងសម្រាប់ប្រើប្រាស់នៅក្នុងតំបន់ ដែលមានកម្ពស់ខ្ពស់ ដូចជាភ្នំហិម៉ាឡៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here