ដោយគង់ សូរិយា
ភ្នំពេញ: មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា ការសាងសង់ព្រលានយន្តហោះនៅខេត្តកោះកុង នឹងធ្វើឡើងជាព្រលានលំដាប់អន្តរជាតិ ដែលតាមស្តង់ដាព្រលានបែបនេះ អាចចំណាយប្រាក់១០០០លានដុល្លារអាមេរិក។
រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជា អូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ មករានេះថា ក្រុមហ៊ុនTienjing Union Development Groupបាននិងកំពុងរៀបចំប្លង់មេ និងសិក្សាគំរោងប្លង់ព្រលានយន្តហោះនេះលំអិត ព្រមទាំងឈូសឆាយដី មុនពេលបើកការដ្ឋានសាងសង់ ព្រោះគំរោងព្រលានយន្តហោះនិមួយៗ មិនមែនសាងសង់បានភ្លាមៗទេ វាអាចចំណាយរយៈពេល១០ឆ្នាំដើម្បីបញ្ចប់ការសាងសង់។
លោកបន្តថា “យើងត្រួវការព្រលានយន្តហោះថ្មីទៀត ដើម្បីទទួលអ្នកដំណើរដែលមានកំនើនច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុមិនមានកន្លែងចុះចត និងត្រូវពង្រីកបន្ថែមនៅពេលឆាប់ៗនេះ”។លោកបន្តថា “ក្រុមហ៊ុនTienjing Union Development Groupបានស្នើសុំសាងសង់ព្រលានយន្តហោះនេះជាព្រលានស្តង់ដាអន្តរជាតិ”។






