ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិនបានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅខេត្តចាន់ថាបុរី ប្រទេសថៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ តាមតំបន់ជាប់ព្រំដែន និងការផ្លាស់ប្តូរទំនិញ ជាពិសេ សទំនិញកសិកម្ម។
គណៈប្រតិភូកម្ពុជាបានជួបពិភាក្សា ជាមួយរដ្ឋបាលខេត្តចាន់ថាបុរី ដឹកនាំដោយលោក Monsit Paisanthanawat អភិបាលខេត្តចាន់ថាបុរី ស្ថិតនៅស្រុក Pong Naran ។
ថ្លែងនៅក្នុងជំនួបនោះ លោក ហុក សុផល បានស្នើឱ្យរដ្ឋបាលខេត្តចាន់ថាបុរី បន្តបង្កើនកិច្ចសហប្រតិបត្តិការ លើការដោះដូរទំនិញ ជាពិសេសទំនិញកសិផល ឆ្លងកាត់ព្រំដែនរវាងខេត្តទាំង២ និងជាសរសៃឈាមនៃខេត្តទាំងពីរ។
លោកអភិបាលរងខេត្តប៉ៃលិនរូបនេះ បានមានប្រសាសន៍បញ្ជាក់ថា “រដ្ឋបាលខេត្តទាំងពីរបាន ខិតខំប្រឹងប្រែង ដើម្បិពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អលើគ្រប់វិស័យ ដើម្បីបម្រើជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Monsit Paisanthanawat បានសន្យាថា ភាគីថៃនឹងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំង២បន្ថែមទៀត និងដោះស្រាយ រាល់សំណើរបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងដែនសមត្ថកិច្ចរបស់ខេត្តនេះផងដែរ៕