ដោយៈ សុផារី
ភ្នំពេញ: អ្នកជំនាញអន្តរជាតិបានលើកឡើងថា ប្រឈមនឹងវិបត្តិនៅពេលកន្លងមក មាននិន្នាការថ្មីៗមួយចំនួនបានកើតមានឡើង ដែលត្រូវបានរកឃើញថាជាសញ្ញាល្អប្រសើរ ដល់ទីផ្សារចលនទ្រព្យនៃប្រទេសកម្ពុជា។
លោកបណ្ឌិតTrevor Sutor នាយកផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Zillenium Group ប្រចាំកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែកុម្ភៈថា ទោះបីនៅក្នុងឆ្នាំ២០២៣ ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់អាចវិលត្រឡប់ ទៅដូចមុនវិបត្តិក្តី ប៉ុន្តែនៅក្នុងឆ្នាំ២០២៤ វាអាចនឹងមានភាពល្អប្រសើរច្រើន ដែលជាលទ្ធផលនៃការបើកប្រទេសឡើងវិញនៃប្រទេសចិន។
ស្របពេលជាមួយគ្នានេះ ក៏មាននិន្នាការក្នុងការលើកទឹកចិត្ត វិនិយោគិនបរទេស ពីបណ្ដាប្រទេសផ្សេងទៀតផងដែរ។
អ្នកជំនាញលោកនេះមានប្រសាសន៍ថា “ជាការពិត ដែលយើងសង្កេតឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ភាគច្រើនបានមកពីប្រទេសចិន ប៉ុន្តែយើងក៏មានការវិនិយោគពីបណ្ដាប្រទេសផ្សេងផងដែរ”។លោកបញ្ជាក់ថា “កម្ពុជាមានគោលនយោបាយមួយចំនួន ដែលរដ្ឋាភិបាលបានដាក់ឲ្យដំណើរការ នៅពេលនេះ ដែលយើងកំពុងទាក់ទាញវិនិយោគឲ្យកាន់តែច្រើន”។
លោកបន្តថា និន្នាការមួយផ្សេងទៀតនោះគឺ សញ្ញាវិជ្ជមាននៃកំណើតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងពេលឆាប់ៗនេះ ជួយជំរុញទីផ្សារចលនទ្រព្យបន្ថែម។
លោកបណ្ឌិតTrevor Sutorបានបន្តទៀតថា “យើងសង្កេតឃើញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងមុនពេលមានវិបត្តិកូវីដ១៩។ ប៉ុន្តែនៅត្រឹមឆ្នាំ២០២៣ និងឆ្នាំ២០២៤ កំណើនអាចនឹងកើនដល់ប្រមាណ៦,៥%ឡើងវិញ ដែលនេះជាដំណឹងល្អសម្រាប់អ្នក ដែលតាមដានសេដ្ឋកិច្ចរបស់កម្ពុជា”។
លោកបានបញ្ជាក់ថា ដើម្បីអាចធ្វើដំណើរបន្តទៅមុខបាន យើងត្រូវមានភាពច្នៃប្រឌិត (Innovation) និងអាចទប់ទល់នឹងភាពលំបាកបាន ហើយទាំងនេះគឺជានិន្នាការថ្មី ដែលកើតមានឡើងនៅក្នុងទីផ្សារប្រទេសកម្ពុជា៕