យុវជនឆ្នើមកម្ពុជាទី១មានឱកាសចូលរៀននៅរាជបណ្ឌិត្យសភាយោធា ដ៏ល្បីល្បាញនៅចក្រភពអង់គ្លេស

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យុវជន​ម្នាក់​មកពី​ស្រុក​ត្រាំកក់ ខេត្តតាកែវ លោក ណាល់ ដារិទ្ធ បាន​ក្លាយជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ ដែល​បាន​ទទួល​ចូល​រៀន​នៅ​រាជ​បណ្ឌិត្យសភា​យោធា Sandhurst (RMAS) ដ៏​ល្បីល្បាញ​នៅ​ចក្រភព​អង់គ្លេស។

ដំបូង​ឡើយ លោកបាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​អន្តរជាតិ ICAN ហើយ​បន្ទាប់​មក​លោកបាន​ចូល​រៀន នៅសាលា​អន្តរជាតិISPP ហើយ​បាន​ប្រឡង​ជាប់​ពិន្ទុ​ល្អ។

ដោយ​សារ​តែ​លោកមាន​ចំណង់​ចំណូល​ចិត្ត​ខាង​យោធា និង​ការ​គាំទ្រ​ពី​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ លោកក៏បាន​ចូល​បម្រើ​ជាកងទ័ព។

នៅឆ្នាំ២០២១ លោក ណាល់ ដារិទ្ធ បានដាក់ពាក្យសុំអាហារូបករណ៍ពីគម្រោងអាហារូបករណ៍ Queen Elizabeth II ដែលអាចឱ្យលោកសិក្សានៅរាជបណ្ឌិត្យសភាយោធា RMAS ។

មុនពេលទទួលបានអាហារូបករណ៍ទៅសិក្សានៅ RMAS លោក ណាល់ ដារិទ្ធ ត្រូវឆ្លងកាត់ការសម្ភាសន៍ដ៏ស៊ីជម្រៅជាច្រើន ការប្រឡងយ៉ាងលំ​​បាកជាមួយនឹងមុខវិជ្ជាដ៏លំបាក ជាមួយមន្ត្រីយោធាមកពីចក្រភពអង់គ្លេសដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។

អតីត​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ​បាន​គាំទ្រ​រូប​លោក​រួម​ជាមួយ​មន្ត្រី​ការទូត​ជាច្រើន​នាក់​ទៀត​នៅ​ស្ថានទូត។

ទីបំផុត ដោយមានការណែនាំ លោក ណាល់ ដារិទ្ធ បានប្រឡងជាប់ និងទទួលបានអាហារូបករណ៍ ដែលជាកិត្តិយសដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងសាច់ញាតិរបស់លោកក្នុងខេត្តតាកែវ។

លោក ណាល់ ដារិទ្ធ បានមានប្រសាសន៍ថា “ដោយសារសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយនឹងការជួយជ្រោមជ្រែង ពីលោកគ្រូ អ្នកគ្រូ ក្រុមគ្រួសារ និងអតីតឯកអគ្គរាជទូត និងសហការីរបស់ចក្រភពអង់គ្លេស ទើបខ្ញុំមានឱកាសទៅសិក្សានៅសាលាយោធា ដ៏មានកិត្យានុភាពនៅចក្រភពអង់គ្លេស”។

បន្ទាប់ពីបញ្ចប់ការសិក្សា លោក ណាល់ដារិទ្ធ បានសន្យាថា នឹងប្រើប្រាស់ចំណេះដឹង ដែលលោកទទួលបាន ដើម្បីបម្រើដល់យោធាកម្ពុជា និងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងការពារសន្តិភាព៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here