ក្រុងព្រះសីហនុត្រៀមរៀបចំសេវាដឹកជញ្ជូនសាធារណៈ ស្របពេលក្រុមហ៊ុនកូរ៉េធំមួយត្រៀមជួយរថយន្ត៦០គ្រឿង

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមរៀបចំការដឹកជញ្ជូនតាម​រថយន្តក្រុងសាធារណៈនាពេលខាងមុខ ស្របពេលក្រុមហ៊ុនBooyoung Group ត្រៀមផ្តល់រថយន្តក្រុងចំនួន៦០ គ្រឿងដើម្បីគាំទ្រគំរោងនេះ។

តាមផែនការរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំគម្រោងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) នៅក្នុងឆ្នាំ២០២៤។

ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានបញ្ជាទៅកាន់ថ្នាក់ដឹកនាំរដ្ឋបាល ខេត្តព្រះសីហនុរួចរាល់ហើយ ដោយបច្ចុ​ប្បន្នគម្រោងនេះ កំពុងរៀបចំឈានទៅកាន់ការចុះកិច្ចសន្យា ជាផ្លូវការនាពេលខាងមុខ។ នេះបើយោងតាមឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងបញ្ជាក់នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២៣។

លោកបានថ្លែងថា “កាលពីពេលថ្មីៗ នេះ ខ្ញុំទទួលបានការដឹកនាំពីសម្តេចតេជោ ដោយក្រុមហ៊ុន Booyong  នឹងប្រគល់រថយន្តក្រុងមកកាន់ខេត្តព្រះសីហនុចំនួន៦០គ្រឿង”។ លោកបន្ថែមថា “ឥឡូវនេះយើងកំពុងត្រៀម តែមិនទាន់បានចុះកិច្ចសន្យាទេ”។

លោកគួច ចំរើនបានបង្ហាញក្តីសង្ឃឹមថា គម្រោងនេះនឹងអាចទទួលបានការប្រគល់រថយន្តនៅក្នុងរយៈពេល១ឆ្នាំ ហើយរដ្ឋបាលខេត្តនឹងបន្តរៀបចំជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលមានលក្ខណៈដូចនៅក្នុងក្រុងភ្នំពេញ។

លោកបន្តទៀតថា “តាមរយៈគម្រោងនេះ នឹងអាចជួយដោះស្រាយ និងកាត់បន្ថយការលំបាក សម្រាប់សិស្សនៅតំបន់ឆ្ងាយៗ ដែលខ្វះមធ្យោ​បាយធ្វើដំណើរមកសាលារៀនផងដែរ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here