ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន និងទីភ្នាក់ងារការងារប្រព័ន្ធលូជប៉ុន បានកំពុងបន្តដំណើរការសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ត្រើយខាងកើតទន្លេរ ក្នុងក្រុងសៀមរាប និងក្រុងស្វាយរៀង។
ការសិក្សានេះធ្វើឡើងដោយផ្អែកលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ (MOC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងវិស័យគ្រប់គ្រងប្រព័ន្ធទឹកខ្វក់ និងការផ្លាស់ប្តូរបច្ចេកទេស ក្នុងវិស័យទឹកកខ្វក់នៃប្រទេសទាំងពីរ។
លោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) លើកទី៤ នៃ “គម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបានជម្រុញបន្ថែមពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រសួង ដែលបានដើរស្របគ្នាយ៉ាងល្អ ជាមួយនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃនីតិកាលទី៦ នៃរដ្ឋសភា ២០១៨-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងនឹងការងារអភិវឌ្ឍន៍ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការលើកកម្ពស់គុណភាព ជីវភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋក្នុងទីក្រុង និងទីប្រជុំជន តាមរយៈការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យឱ្យកាន់តែប្រសើរឡើង ជួយលើកកម្ពស់ការអភិវឌ្ឍក្នុងទីក្រុង។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យវឌ្ឍនភាពការងារ លទ្ធផលសំខាន់ៗ និងផែនការសកម្មភាពរបស់គណៈ កម្មាធិការសម្របសម្រួលរួមគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើកទី៤នេះ ដែលក្នុងនោះរួមមាន ការពិនិត្យរៀបចំអភិវឌ្ឍន៍ក្របខណ្ឌច្បាប់ពាក់ព័ន្ធ និងឯកសារគតិយុត្តផ្សេងៗ ត្រូវបានចាត់ទុកជាអាទិភាពការងារចម្បងរបស់ក្រុមការងារ ដើម្បីសម្របសម្រួលលើការងារប្រតិបត្តិការ និងគ្រប់គ្រងទឹកកខ្វក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕