ប្រទេសចិនដាក់ឱ្យដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុប ជាប្រវត្តិសាស្រ្តហើយ

0

ដោយៈ សុខុម

ប៉េកាំង: ទីក្រុងឡាងហ្វាង (Langfang) ដែលស្ថិតសក្នុងខេត្តហឺប៉ី (Hebei) នៃប្រទេសចិន ភាគខាងជើង បានចាប់ផ្ដើមដាក់ឱ្យដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុប ដំបូងបង្អស់របស់ខ្លួន ដោយបានចេញដំណើរជើងទី១ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឱ្យដឹងថា រថភ្លើងដឹកទំនិញ ដែលផ្ទុកទូកុងតឺន័រប្រវែង១២,២ម៉ែត្រចំនួន៥៥ទូនេះ នឹងបញ្ចប់ការធ្វើដំណើររបស់ខ្លួន ក្នុងចម្ងាយផ្លូវ៧.៨០០គីឡូម៉ែត្រ។

រថភ្លើងនេះនឹងចាកចេញពីប្រទេសចិន ដោយឆ្លងកាត់ផែស្ងួត Erenhot Port ក្នុងតំបន់ភ្នំស្វយ័ត Inner Mongolia នៃប្រទេសចិន និងឆ្លងកាត់ប្រទេសម៉ុងហ្គោលី ហើយទីបំផុតចូលទៅដល់គោលដៅរបស់ខ្លួននៅក្រុងមូលស្គូ ប្រទេសរុស្ស៊ីនៅរយៈពេល១៧ថ្ងៃក្រោយ។

ទំនិញដែលមានតម្លៃរាប់លានដុល្លារអាមេរិកនេះ ភាគច្រើនរួមមានផលិតផលឧស្សាហកម្មធុនស្រាល អាហារ សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលផលិតដោយបណ្ដាក្រុមហ៊ុន ក្នុងស្រុកក្នុងក្រុងឡាងហ្វាង និងបណ្ដាក្រុមហ៊ុននាំចូល និងនាំចេញនៅក្នុងតំបន់ជុំវិញនោះ។

គណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់នៃទីក្រុងនេះ ឡាងហ្វាង បានលើកឡើងថា សេវាកម្មរថភ្លើងដឹកទំនិញ មានសារសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍតំបន់ប៉េកាំង-ធានជីង-ហឺប៉ី (Beijing-Tianjin-Hebei) និងជំរុញគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here