ការស្ទង់មតិ: ប្រទេសចិននៅតែជាទីផ្សារដ៏សំខាន់សម្រាប់វិនិ យោគិនបរទេស

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមសភាពាណិជ្ជកម្មអាមេរិក នៅភាគខាងត្បូងប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុនបរទេសភាគច្រើន នៅតែចាត់ទុកចិនជាទិសដៅវិនិយោគដ៏សំខាន់មួយ។

ប្រទេសនេះ នៅតែបន្តផ្តល់ផលចំណេញខ្ពស់លើការវិនិយោគ ធៀបនឹងកម្រិតសកលសម្រាប់ក្រុមហ៊ុនជិត៥០ភាគរយ ដែលត្រូវបានស្ទង់មតិ។

អ្នកជំនាញបានលើកឡើងថា ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកាន់​តែមានភាពទាក់ទាញដល់វិនិយោគិនបរទេស ដែលគាំទ្រដោយការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។

ក្រុមអ្នកជំនាញបាននិយាយថា “ការបើកទូលាយស្ដង់ដារខ្ពស់របស់ប្រទេសចិន នឹងធ្វើឱ្យបរិយាកាសធុរកិច្ចរបស់ខ្លួន កាន់តែប្រសើរឡើង និងជួយឱ្យប្រទេសនេះ បង្កើនការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការទាក់ទាញការវិនិយោគពីបរទេស”។

បន្ទាប់ពីការធ្វើស្ទង់មតិ ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន២១០ មកពីសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន ប្រទេស និងតំបន់ផ្សេងទៀត សភាពាណិជ្ជកម្មអាមេរិក AmCham South China បានសន្និដ្ឋានថា “ក្រុមហ៊ុន ដែលចូលរួមភាគច្រើនមើលឃើញថា ប្រទេសចិនជាផ្នែកសំខាន់មួយនៃផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្ត នាពេលអនាគតរបស់ពួកគេ”។

ជាង៩០ភាគរយនៃអ្នកឆ្លើយសំណួរ បានជ្រើសរើសប្រទេសចិនជាទិសដៅវិនិយោគដ៏សំខាន់បំផុតមួយ។

ក្រុមហ៊ុនប្រហែល៧៥ភាគរយ គ្រោងនឹងវិនិយោគឡើងវិញ នៅក្នុងប្រទេសចិន នៅឆ្នាំ២០២៣ រួមទាំង៦៨ភាគរយ នៃក្រុមហ៊ុនអាមេរិក ដែលប្តេជ្ញាចិត្តចាក់ឫសគល់កាន់តែជ្រៅទៅក្នុងទីផ្សារចិន។

លោក Zhou Mi អ្នកស្រាវជ្រាវជាន់ខ្ពស់នៅបណ្ឌិតសភាពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន បានមានប្រសាសន៍ថា “ដោយឈរលើសមត្ថភាពពិសេសរបស់ខ្លួន លើផលិតកម្ម និងសេវាកម្មសម្រាប់វិនិយោគិនបរទេស ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន នឹងធានាឱ្យមានការកើនឡើង នៃលំហូរវិនិយោគបរទេស”។

ទោះបីជាយ៉ាងនេះក្តី ការស្ទង់មតិនេះបានរកឃើញថា ការកើនឡើងនៃថ្លៃប្រតិបត្តិការ និងតម្លៃពលកម្ម គឺជាបញ្ហាប្រឈមដ៏ធំបំផុតចំនួនពីរ ដែ​លក្រុមហ៊ុនជាច្រើន បានជួបប្រទះនៅភាគខាងត្បូង ប្រទេសចិនក្នុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here