មហាយក្សចិន មានមហិច្ឆតាបាញ់បង្ហោះផ្កាយរណបដល់ទៅ១៣.០០០ដើម្បីប្រជែងនឹង

0

ដោយៈ សុខុម

បាងកក: ក្រុមអ្នកស្រាវជ្រាវបានទម្លាយឱ្យដឹងថ្មីៗនេះថា ប្រទេ​សចិន គ្រោងនឹងកសាងបណ្តាញផ្កាយរណបដ៏ធំមួយ ក្នុងគន្លងតារាវិថីដែលនៅជិតផែនដី ដើម្បីផ្តល់សេវាអ៊ីនធើណិត ដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក និងដើម្បីប្រជែងនឹងផ្កាយរណប Starlink របស់កំពូលមហាសេដ្ឋីអាមេរិក Elon Musk។

យោងតាមក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយសាស្ត្រាចារ្យ Xu Can នៅសកលវិទ្យាល័យវិស្វកម្មអវកាស (Space Engineering University) នៃកងទ័ពរំដោះប្រជាជន (PLA) ក្នុងទីក្រុងប៉េកាំង ឱ្យដឹងថា គម្រោងប្រកបដោយមហិច្ឆតាដ៏ធំសម្បើមនេះមានឈ្មោះថា “GW”។ ប៉ុន្តែគ្មានការបញ្ជាក់ថា អក្សរ GW តំណាងឱ្យអ្វី ឬតំណាងឱ្យពាក្យពេញបែបណានោះឡើយ។

គម្រោង GW នឹងរួមមានផ្កាយរណបចំនួន១២.៩៩២ផ្កាយរណបដែលជាកម្មសិទ្ធិរបស់ក្រុម ទើបបង្កើតថ្មីមានឈ្មោះថា China Satellite Network Group Co។ នេះបើយោងតាមសាស្ត្រាចារ្យ Xu Can និងសហការីរបស់គាត់បានលើកឡើង តាមរយៈអត្ថបទចុះផ្សាយមួយស្ដីពី វិធានការប្រឆាំងផ្កាយរណប Starlink ដែលត្រូវបានចុះផ្សាយក្នុងព្រឹត្តិបត្រចិន Command Control and Simulation កាលពីថ្ងៃទី១៥ ខែកុម្ភៈ។

គ្មានការបញ្ជាក់ពីកាលបរិច្ឆេទ សម្រាប់ការបាញ់បង្ហោះផ្កាយរណបទាំងនេះនៅឡើយទេ ប៉ុន្តែចំនួននេះអាចប្រកួតប្រជែងគ្នាបាន បើធៀបនឹងបណ្ដាញផ្កាយរណប រហូតដល់ទៅជាង១២.០០០ផ្កាយរណបដែលក្រុមហ៊ុន  SpaceX របស់លោក Elon Musk គ្រោងបាញ់បង្ហោះនៅត្រឹមឆ្នាំ២០២៧។

ក្រុមរបស់លោក Xu Can បានលើកឡើងថា ផ្កាយរណបនៃគម្រោងGW ទំនងជាត្រូវបាញ់បង្ហោះយ៉ាងឆាប់រហ័ស “ឱ្យបានមុនពេល Starlink បញ្ចប់គម្រោងរបស់ខ្លួនពេញលេញ”៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here