សុខុម
ប៉េកាំង: វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលប្រទេសចិន ឈានមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាសំខាន់ៗចំនួន៣៧ក្នុងចំណោម៤៤ ដោយបណ្ដាប្រទេសប្រជាធិបតេយ្យលោកខាងលិច បានតាមពីក្រោយប្រទេសចិន នៅក្នុងការប្រជែងដណ្តើមរបកគំហើញផ្នែកវិទ្យាសាស្ត្រ និងការស្រាវជ្រាវ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) ឱ្យដឹងថា ប្រទេសចិន ស្ថិតក្នុងជំហរមួយដើម្បីក្លាយជាកំពូលមហាអំណាចរបស់ពិភពលោកខាងបច្ចេកវិទ្យា ដោយភាពលេចធ្លោរបស់វាបានគ្របដណ្តប់រួចទៅហើយលើវិស័យការពារ អវកាស មនុស្សយន្ត ថាមពល បរិស្ថាន បច្ចេកវិទ្យាជីវសាស្រ្ត បញ្ញាសិប្បនិមិត្ត (AI) សម្ភារៈទំនើបៗ និងបច្ចេកវិទ្យាសំខាន់ៗ។
យោងតាមរបាយការណ៍ដែលមានឈ្មោះថា Critical Technology Tracker ត្រូវបានចេញផ្សាយកាលពីព្រហស្បតិ៍ ទី០៣ ខែមីនា ថា វិស័យសំខាន់ៗដែលប្រទេសចិន មានប្រៀបលប់លើគេ រួមមានយន្តហោះដ្រូន ការសិក្សាអំពីគ្រឿងម៉ាស៊ីន អាគុយ ថាមពលនុយក្លេអ៊ែរ ថាមពល ឧបករណ៍ស៊ិនស័រ Quantum Sensor និងការទាញយកសារធាតុរ៉ែសំខាន់ៗជាដើម។

យោងតាម ASPI ឱ្យដឹងថា ភាពលេចធ្លោរបស់ប្រទេសចិន នៅក្នុងវិស័យមួយចំនួនគឺមានភាពរឹងមាំខ្លាំង ដែលស្ថាប័នស្រាវជ្រាវឈានមុខគេទាំង១០របស់ពិភពលោកសម្រាប់បច្ចេកវិទ្យាមួយចំនួន សុទ្ធតែមានទីតាំងនៅក្នុងប្រទេសចិន។
បើធ្វើការប្រៀបធៀប សហរដ្ឋអាមេរិក នាំមុខគេតែខាងបច្ចេកវិទ្យាសំខាន់ៗចំនួន៧ប៉ុណ្ណោះរួមទាំងប្រព័ន្ធបាញ់បង្ហោះទៅកាន់លំហអវកាស និង Quantum Computing ជាដើម។ នេះបើយោងតាម ASPI ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាប្រភពវិស័យឯកជន រួមទាំងឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាផងដែរ។
របាយការណ៍ដដែលបង្ហាញថា អង់គ្លេស និងឥណ្ឌា ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៥ដែលឈានមុខគេខាងបច្ចេកវិទ្យាចំនួន២៩ក្នុងចំណោមបច្ចេកវិទ្យាចំនួន៤៤ ដោយប្រទេសកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់កំពូលទាំង៥ ដោយកូរ៉េខាត្បួង ឈានមុខគេខាងបច្ចេកវិទ្យាចំនួន២០ និងអាល្លឺម៉ង់ ឈានមុខគេខាងបច្ចេកវិទ្យាចំនួន១៧៕ Aljazeera៕






