ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអញ្ជើញបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសទីម័រឡេស្តេ (ទីម័រខាងកើត) ដើម្បីពង្រឹងកិច្ចសហប្រតបត្តិការ វិស័យអាកាសចរស៊ីវិលរវាងប្រទេសទាំងពីរ។

លោកស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីម៉ៅ ហាវណ្ណាល់ ក៏ត្រូវអញ្ជើញជួបពិភាក្សា និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីការហោះហើររវាងប្រទេសទាំង២ ជាមួយលោក Jose Agushinho Da Silva រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទំនាក់ទំនង របស់ទីម័រឡេស្តេ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ នឹងត្រូវចូលជួបសំដែនការគួរសម ជាមួយថ្នាក់ដឹកនាំប្រទេសទីម័រឡេស្តេ ដូចជា លោក Jose Ramos Horta ប្រធានាធិបតីទីម័រឡេស្តេ លោក Taur Matan Ruak នាយករដ្ឋមន្ត្រីទីម័រឡេស្តេ លោក Xanana Gusmao អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទីម័រឡេស្តេ និងលោក Juliao Da Sila អនុរដ្ឋមន្ត្រីក្រសួងការបរទេសទីម័រឡេស្តេផងដែរ៕







