ដោយ: គង់ លាងហួរ
ភ្នំពេញ: ដំណើរការនៃការផ្ទេរប័ណ្ណកម្មសិទ្ធិ លើផ្ទៃដីទំហំ១៣០ហិកតា ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលបានលក់ទៅឱ្យអ្នកទិញក្នុងឆ្នាំ២០២១ ជាមួយកិច្ចព្រមព្រៀង ដែលពួកគេបានចុះហត្ថលេខាត្រូវបានបញ្ចប់នៅដើមឆ្នាំនេះ។

ការលក់នេះបានធ្វើឡើង បន្ទាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានខាតបង់ប្រាក់ប្រហែល៣,៥លានដុល្លារអាមេរិក នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយនៅលើផ្សារហ៊ុនកម្ពុជា។
របាយការណ៍បានចង្អុលបង្ហាញថា ដំណើរការនេះត្រូវបានបញ្ចប់នៅក្នុងខែមករា ឆ្នាំ២០២៣ ហើយតម្លៃកិច្ចសន្យា ដែលនៅសល់ត្រូវបានគេរំពឹងថា នឹងទទួលបាននៅចុងខែកុម្ភៈ ឆ្នាំនេះ បន្ទាប់ពីអ្នកទិញបានបង់ប្រាក់ចំនួន២លានដុល្លារជាប្រាក់កក់។

PAS ដែលជាសហគ្រាសសាធារណៈ ដែលបានចុះបញ្ជីនៅក្នុង ផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ បានចុះកិច្ចសន្យាលក់ និងទិញដើម្បីលក់ដីទំហំ១៣០ហិកតា ស្ថិតនៅក្នុងឃុំបេតត្រាំង ខេត្តព្រះសីហនុ ក្នុងតម្លៃ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្រូវឱ្យអ្នកទិញបង់ប្រាក់ ចំនួន២៦លានដុល្លារដល់ PAS នៅពេលបញ្ចប់ការផ្ទេរកម្មសិទ្ធិប្លង់រឹង (LMAP)។
របាយការណ៍បានចង្អុលបង្ហាញថា “ទំហំដីនេះអាចនឹងត្រូវកាត់បន្ថយដោយសារ ការសាងសង់ផ្លូវសាធារណៈ កំពុងដំណើរការនៅលើដីនោះ និងការវាស់វែងឡើងវិញ ជាផ្នែកមួយនៃដំណើរការផ្ទេរកម្មសិទ្ធិដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។
ក្នុងឋានៈជាស្ថាប័នស្វយ័តសាធារណៈ PAS បានទទួលសិទ្ធិអំណាច និងភារកិច្ចសំខាន់ៗពីរដ្ឋាភិបាល ដើម្បីអនុវត្តសកម្មភាពរបស់ខ្លួនក្នុងការផ្តល់សេវាកំពង់ផែសមុទ្រ និងសេវាកម្មពាក់ព័ន្ធ ដូចជាការនាំកប៉ាល់ចូល និងចេញ ការផ្តល់ការផ្គត់ផ្គង់ និងដំណើរការដឹកជញ្ជូនទំនិញ។
ផ្ទុយពីត្រីមាសទី៤ ឆ្នាំ២០២២ PAS ទទួលបានប្រាក់ចំណេញជាង៦លានដុល្លារ ក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយប្រាក់ចំណេញប្រចាំឆ្នាំរបស់ក្រុមហ៊ុនកំពង់ផែសមុទ្រនេះ បានធ្លាក់ចុះជាង១០ភាគរយមកនៅប្រហែល២០,៨លានដុល្លារ កាលពីឆ្នាំ២០២២ ធៀបនឹង២៣,១លានដុល្លារក្នុងឆ្នាំ២០២១៕






