ដោយៈ គង់ សូរិយា
កោះកុងៈ នារដូវរំហើយបានមកដល់ តំបន់អារ៉ែងបញ្ចេញសម្រស់ ដ៏ស្រស់ស្អាត និងទាក់ទាញ ជាមួយការរៀបចំដ៏ល្អឥតខ្ចោះនៃរីស៊ត អារ៉ែងខេមភីង អមជាមួយការរចនាសមស្របតាមធម្មជាតិដ៏ទាក់ទាញ និងប្លែកភ្នែក ធ្វើអោយពួករីករាយជាមួយទិដ្ឋភាពបៃតង អ័ព្ទក្រាស់ជុំវិញ និងបរិយាកាសបរិសុទ្ធ។
តំបន់អារ៉ែង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញ ខេត្តកោះកុង ជាសម្បត្តិធម្មជាតិមួយ ដែលមានសក្តានុពលលើវិស័យទេសចរណ៍យ៉ាងខ្លាំង។
-->

យោងតាមការបង្ហោះលើផេកផ្លូវការរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុងបានឲ្យដឹងថា យើងអាចកម្សាន្ត សម្រាកលំហែនៅផ្ទះស្នាក់ ភោជនីយដ្ឋានដែលចំអិនអាហារក្នុងតំបន់ ងូតទឹកកម្សាន្តតាមដងស្ទឹងអារ៉ែង ស្តាប់សម្លេងទឹកជ្រោះ ជិះកៃយ៉ាក់ ក្បូន ជិះខ្សែរ៉ក បាញ់ធ្នូ និងពេញចិត្តជាមួយអាកាសធាតុត្រជាក់នាពេលយប់។ នេះជាការចំណាយពេលយ៉ាងល្អ នៅទីតាំងស្ងប់ស្ងាត់មួយនេះ។

កាន់តែពិសេសអ្នកក៏ទៅទស្សនា ទឹកធ្លាក់ឆាយអង្រ្កែង ដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រ ធ្វើដំណើរដោយឡាន និងបន្តដំណើរថ្មើរជើង២គីឡូម៉ែត្រទៀត។
យើងអាចធ្វើដំណើរពីស្រុកថ្មបាំង ប្រមាណ១៧គីឡូម៉ែត្រពីរង្វង់មូលថ្មបាំង ដោយតម្រូវឆ្លងតាមស្ទឹងអារ៉ែង នៅរដូវនេះឡានអាចឆ្លងទៅដល់រីស៊តផ្ទាល់។ ទីនេះស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង៕