តម្រូវការឧស្ម័នធម្មជាតិនៅតំបន់អាស៊ានរំពឹងហក់ឡើងទ្វេរដងរហូតដល់៣៥០ពាន់លានម៉ែត្រគូប ខណៈកម្ពុជាឈានមុខគេ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្រូវការឧស្ម័នធម្មជាតិនៅតំបន់អាស៊ាន នឹងកើនឡើងទ្វេរដង រហូតដល់៣៥០ពាន់លានម៉ែត្រគូបនៅឆ្នាំ២០៥០។ នេះបើយោងតាមសិក្ខាសាលា ដែលរៀបចំរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រា វសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងវេទិកាប្រទេ សនាំចេញឧស្ម័ន (GECF) នៅទីក្រុងហ្សារកាតា។

បណ្តាប្រទេស​សមាជិកអាស៊ាន​មួយ​ចំនួន ​រួម​មាន ប្រទេស​កម្ពុជា ថៃ ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី បាន​ប្រកាស​ពី​គោល​ដៅ​អព្យាក្រឹតភាព​កាបូន​របស់​ខ្លួន។

តាមពិតទៅ កម្ពុជាគឺជាប្រទេសដំបូងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលផ្សព្វផ្សាយផែនការ សម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ តាមរយៈផែនការរបស់ខ្លួន ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជា “យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន (LTS4CN)”។

យោងតាមផែនការអភិវឌ្ឍន៍ថាមពលរបស់កម្ពុជា ដែលរៀបចំដោយក្រសួងរ៉ែ និងថាមពល (MME) បានឱ្យដឹងថាប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងបង្កើតថាមពលបាន៣.៦០០មេហ្គាវ៉ាត់ ពីរោងចក្រឧស្ម័នធម្មជាតិរាវ (LNG) នៅឆ្នាំ២០៣០។

លោកសាស្ត្រាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចតំបន់អាស៊ាន និងអាស៊ីបូព៌ាមានទស្សនៈថា “ការប្រើប្រាស់ឥន្ធនៈ និងបច្ចេកវិទ្យាថាមពលដែលមានស្រាប់ និងតម្លៃសមរម្យ ដើម្បីពង្រីកការប្រើប្រាស់ឧស្ម័នធម្មជាតិ គឺជាមធ្យោ​បាយមួយដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់”។

លោក Eng Mohamed Hamel អគ្គលេខាធិការ GECF បានព្យាករណ៍ថា នៅក្នុងតំបន់អាស៊ាន តម្រូវការឧស្ម័នធម្មជាតិត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពី២ដង ដែលកើនឡើងដល់ជាង៣៥០ពាន់លានម៉ែត្រគូបនៅឆ្នាំ២០៥០។

យោងតាមលោក Natharoun Ngo Son នាយកអង្គការ EnergyLab Cambodia បានមានប្រសាសន៍ថា “LNG គឺជាឥន្ធនៈហ្វូស៊ីល ដែលត្រូវការជាចាំបាច់ ដើម្បីជួយពន្លឿនការផ្លាស់ប្តូរថាមពលរបស់កម្ពុជា”។

លោកបានបន្តថា “ផ្ទុយពីធ្យូងថ្ម LNG នឹងគាំទ្រដល់ការរួមបញ្ចូលថាមពលកកើតឡើងវិញអថេរ (VRE) បន្ថែមទៀតទៅក្នុងបណ្តាញអគ្គិសនីរបស់កម្ពុជា ព្រោះវាអនុញ្ញាតឱ្យមានភាពបត់បែនថាមពល (ការចាប់ផ្តើមដំណើរការ និងពេលវេលាបិទដំណើរការរហ័ស)”។

ទោះបីជាយ៉ាងនេះក្តី លោកបានអះអាងថា “LNG មិនគួរត្រូវបានប្រើប្រាស់ជាប្រភពថាមពលតែមួយគត់ ដើម្បីជំនួសធ្យូងថ្មនោះទេ”។

លោក Natharoun បានបន្ថែមថា “កម្ពុជាត្រូវចាប់ផ្តើមប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទាក់ទងនឹងលទ្ធភាព នៃការបង្កើនថាមពលពន្លឺព្រះអាទិត្យ PV ជាប្រភពថាមពលស្អាត ក្នុងករណីដែលរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ដែលមិនទាន់បានសាងសង់មិនបានសម្រេចដូចការគ្រោងទុក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here