ប្រទេស​ថៃចាប់ដៃគូជាមួយជប៉ុនចាប់ផ្តើមសាងសង់គម្រោងដំណាក់កាលទី១ នៃរថភ្លើងល្បឿនលឿនបាងកក-ឈៀងម៉ៃ

0

ដោយ: គង់ លាងហួរ

បាងកក: ប្រទេស​ថៃ និង​ជប៉ុន​កំពុង​រៀបចំនិតិវិធីនានា ​ដើម្បី​ចាប់ផ្តើម​ការ​សាងសង់​ដំណាក់កាល​ទី​ ១នៃ​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ តភ្ជាប់​ទីក្រុង​បាងកក​ជាមួយ​ខេត្ត​ឈៀង​ម៉ៃ ​ភាគ​ខាងជើង​ប្រទេស។

ការសិក្សាលទ្ធភាពដែលផ្តោតលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបានពិនិត្យ នៅក្នុងកិច្ចប្រជុំបច្ចេកទេសនាពេលថ្មីៗនេះ ដែលមានការចូលរួមពីនាយកដ្ឋានដឹកជញ្ជូនផ្លូវដែក (DRT) ការិយាល័យគោលនយោបាយ និងផែនការដឹកជញ្ជូន និងចរាចរណ៍ ការិយាល័យគ្រប់គ្រងសុខភាពសាធារណៈ ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ និងផ្លូវដែករដ្ឋថៃ (SRT)។

ចំណែកឯ អ្នកចូលរួមមកពីទីភ្នាក់ងារជប៉ុនរួមមាន បុគ្គលិកមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងស្ថានទូតជប៉ុនប្រចាំប្រទេសថៃ។

ខ្សែរថភ្លើងប្រវែង៦៨៨គីឡូម៉ែត្រនេះ នឹងមានស្ថានីយចំនួន១២ដូចជា Bang Sue Don Muang Ayutthaya Lop Buri Nakhon Sawan Phichit  Phitsanulok Sukhothai Sri Satchanalai Lampang Lamphun និង Chiang Mai។

គម្រោងនេះចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលដំបូងឆ្លងកាត់ពីទីក្រុងបាងកក ទៅកាន់ខេត្ត Phitsanulok ចម្ងាយជាង៣៨០គីឡូម៉ែត្រ បន្ទាប់មកបន្តទៅខេត្តឈៀងម៉ៃក្នុងចម្ងា​យផ្លូវ២៨៨គីឡូម៉ែត្រ។

ប្រទេសជប៉ុន បានស្នើឱ្យថៃប្រើប្រាស់រថភ្លើងShinkansen ដែលជាធម្មតាមានល្បឿន អតិបរមា៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រភពមួយបានអះអាងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បាននិងកំពុងធ្វើការសិក្សា អំពីលទ្ធភាពលើគម្រោងនេះតាំងពីឆ្នាំ២០១៧ ដើម្បីស្វែងរកមធ្យោបាយកែលម្អប្រសិទ្ធភាព កាត់បន្ថយថវិកា និងឈានមកដល់ការវាយតម្លៃ ការធ្វើដំណើរដោយផ្អែកលើបញ្ហាផ្សេងៗ។

ប្រទេសថៃក៏បានស្នើឱ្យប្រទេសជប៉ុន ធ្វើការសិក្សាមួយផ្សេងទៀតអំពីអត្ថប្រយោជន៍សេដ្ឋកិច្ច សម្រាប់តំបន់ទាំងនោះជុំវិញផ្លូវរថភ្លើងល្បឿនលឿននេះ ដោយផ្អែកលើគម្រូនៃស្ថានីយ៍រថភ្លើង ក្នុងប្រទេសជប៉ុនដូចជាស្ថានីយ៍ Minatomirai នៅទីក្រុង Yokohama ក៏ដូចជាការគិតគូរពីមធ្យោបាយដឹកជញ្ជូន និងទេសចរណ៍ផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here