ឥណ្ឌូនេស៊ី​បដិសេធក្តីបារម្ភ​លើ​ការជាប់គាំងគម្រោង​រដ្ឋធានីថ្មី Nusantara

0

ដោយ: គង់ លាងហួរ

ហ្សាការតា: មន្ត្រីឥណ្ឌូនេស៊ីកំពូលមួយរូបបានសន្យាថា ការសាងសង់គម្រោងរដ្ឋធានីថ្មី នៅក្នុងព្រៃនៃកោះ Borneo នឹងមិនជាប់គាំងឡើយ នៅពេលដែលប្រធានាធិបតីថ្មីឡើង កាន់តំណែងនៅឆ្នាំក្រោយ។

ប្រមុខអាជ្ញាធររដ្ឋធានីថ្មី Nusantara លោក Bambang Susantono បានថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីតាំងនៅកោះ Kalimantan ថា “ប្រទេសឥណ្ឌូនេស៊ី នឹងប្រកាសជាផ្លូវការនូវទីក្រុង ដែលមានឈ្មោះថា Nusantara ដែលជារដ្ឋធានីថ្មីរបស់ខ្លួននៅក្នុងឆមាសទី១ ឆ្នាំ២០២៤”។

Nusantara ជាគម្រោងដ៏លេចធ្លោ របស់លោកប្រធានាធិបតី Joko Widodo ហើយត្រូវបានគេមើលឃើញថា ជាទីក្រុងឆ្លាតវៃបៃតង ដែលលាតសន្ធឹងលើផ្ទៃដីជិត២៦០.០០០ហិកតា ដើម្បីជំនួសរដ្ឋធានីចាស់ហ្សាកាតា ដែលមានមនុស្សរស់នៅច្រើនលើសលប់ និងឆាប់លិចទឹកយ៉ាងលឿន។

ទោះបីជាយ៉ាងនេះក្តី ជាមួយនឹងទុនវិនិយោគតម្លៃ៣២ពាន់លានដុល្លារ និងជំងឺរាតត្បាត ដែលបានពន្យារពេលដល់ដំណើរការរបស់គម្រោង ក្រុមអ្នកវិនិយោគមួយចំនួន បានសម្តែងការព្រួយបារម្ភថា “ការអភិវឌ្ឍអាចនឹងបាត់បង់សន្ទុះ បន្ទាប់ពីលោក Joko Widodo បញ្ចប់អាណត្តិទី២ និងអាណត្តិរយៈពេល៥ឆ្នាំចុងក្រោយរបស់លោកនៅឆ្នាំ២០២៤ខាងមុខ”។

នៅពេលត្រូវបានសាកសួរថា តើគម្រោងរដ្ឋធានីថ្មីនេះនឹងបន្តដំណើរការក្រោមមេដឹកនាំថ្មីឬអត់? លោក Bambang បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា “ចម្លើយរបស់ខ្ញុំគឺបាទ ប្រាកដណាស់”ខណៈដែលលោកបានលើកឡើងពីច្បាប់គាំទ្រគម្រោងនេះ។

ក្រោមកញ្ចប់នៃការលើកទឹកចិត្តដែលបានប្រកាស រដ្ឋាភិបាលគ្រោង នឹងដកពន្ធសាជីវកម្មសម្រាប់ក្រុមហ៊ុន ដែលបោះទុនវិនិយោគយ៉ាងហោចណាស់១០ពាន់លានរូពៀ(៦៤៧.៦៦០ដុល្លារ) ក្នុងវិស័យមួយចំនួន សម្រាប់រយៈពេល១០ទៅ៣០ឆ្នាំ ជាមួយនឹងការផ្អាកយកពន្ធរយៈពេលវែងបំផុត សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈរហូតដល់ឆ្នាំ២០៣៥។

ការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍នឹងត្រូវកាត់បន្ថយពន្ធ ខណៈដែលពន្ធនាំចូលលើ ទំនិញដើមទុននឹងត្រូវដកចេញ ក្នុងចំណោមការលើកទឹកចិត្តផ្សេងៗទៀត ហើយលើសពីនេះរដ្ឋាភិបាលក៏គ្រោងនឹងផ្តល់សិទ្ធិដីធ្លី សម្រាប់រយៈពេល៩៥ឆ្នាំផងដែរ។

ភាពជោគជ័យរបស់រដ្ឋធានីថ្មីនេះ ពឹងផ្អែកខ្លាំងលើការចូលរួមពីវិស័យឯកជន ដោយរដ្ឋចំណាយថវិកាវិនិយោគ ត្រឹមតែ២០ភាគរយប៉ុណ្ណោះ។

ចំណែកឯវិមានមួយ ការិយាល័យប្រធានាធិបតី ទីលានទីប្រជុំជន និងអគារក្រសួងចំនួន៤ នឹងបញ្ចប់ការសាងសង់រួចរាល់នៅខែសីហា ឆ្នាំ២០២៤ នៅពេលប្រទេសឥណ្ឌូនេស៊ី នឹងប្រារព្ធទិវាឯករាជ្យលើកទី៧៩របស់ខ្លួន ។នេះបើយោងតាមប្រធានអ្នករៀបចំផែនការទីក្រុងលោក Vallin Tsarina ៕

LEAVE A REPLY

Please enter your comment!
Please enter your name here