រដ្ឋបាលរាជធានីដាក់ចេញផែនការសំខាន់ចំនួន៦​ជាអាទិភាព​សម្រាប់​អនុវត្ត​នាឆ្នាំ​ខាង​មុខនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញផែនការយុទ្ឋសាស្រ្តអាទិភាពចំនួន៦ ក្នុងសន្និបាតរបស់ខ្លួនដែលបានប្រារពធ្វើនៅព្រឹកថ្ងៃទី៩ មិនាកន្លងមកនេះ។

យោងតាម​ សេចក្ដី​សន្និដ្ឋាន​ចុងក្រោយនៅក្នុង​របាយការណ៍​ចំនួន​២៦៣​ទំព័រ​របស់​រដ្ឋ​បាលរាជធានីភ្នំពេញ​ នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផលការងារប្រចាំឆ្នាំ២០២២ ​និង​លើកទិសដៅ​ការងារ​ឆ្នាំ​២០២៣។

របាយការណ៍បានឲ្យដឹង ក្នុងសេចក្តីសន្និដា្ឋនក្នុងឆ្នាំ២០២២ កន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញបានបន្តខិតខំពុះពារសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារសំខាន់ៗគួរជាទីមោទនៈ ជាពិសេសក្នុងវិស័យ សន្តិសុខ សុវត្ថិភាពនិងសណ្តា​ប់ធ្នាប់សង្គម នៅគ្រប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ការកសាងសមិទ្ធផល ការផ្តល់សេវាសាធារណៈ និងការងារកំណែទម្រង់តាមវិស័យ ដែលជាផ្នែកមួយជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានជាវិជ្ជមាន រដ្ឋបាលរាជធានីភ្នំពេញ ក៏ត្រូវបន្តប្រមូលផ្ដុំកម្លាំងសរុបមធ្យោបាយសរុប និងវិធានការសរុប ដើម្បីបន្តគ្រប់គ្រង និងដោះស្រាយឱ្យបានកាន់តែល្អប្រសើរនូវការងារអាទិភាពសំខាន់ៗមួយចំនួនទៀតរួមមាន ទី១. បន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទន្ទឹមគ្នាទៅនឹងការបង្កើនល្បឿននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារ-យុវវ័យ ជាពិសេសដូសជំរុញ (ដូសទី៣ ដូសទី៤ដូសទី៥ ដួសទី៦ និងដូសបន្ដបន្ទាប់) ដើម្បីបន្តរក្សាបាននូវ “ភាពសុំសហគមន៍រឹងមាំពិតប្រាកដយូរអង្វែង”។

ទី២. បន្តជំរុញការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ និងសុវត្ថិភាពសាធារណៈក្នុងរាជធានីភ្នំពេញ ពិសេសខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ទី៣. បន្តអនុវត្តវិធានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងបទល្មើសផ្សេងៗទៀតឱ្យបានម៉ឺងម៉ាត់ និងជាប់ជាប្រចាំដូចភ្លៀងរលឹម។

ទី៤. បន្តយកចិត្តទុកដាក់ និងដោះស្រាយចំពោះបញ្ហាគ្រោះធម្មជាតិ គ្រោះអគ្គិភ័យ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដែលអាចកើតមានជាយថាហេតុ។ ទី៥.ជំរុញការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា ស្របតាមគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាព។

ទី៦. ពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព- នឹងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

របាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនេះ ត្រូវបានពិនិត្យ និងអនុម័តនៅក្នុងកិច្ចប្រជុំសា​មញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here