ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកិច្ចប្រជុំពិភាក្សាផ្ដល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផល ដំណាក់កាលទី២ នៃការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រី លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងពាក់ព័ន្ធ វិទ្យាស្ថានUPDIS និងក្រុមជំនាញការ សរុប៩៥ នាក់ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ លើកឡើងអំពីក្របខ័ណ្ឌស្ថាប័ន និងប្រព័ន្ធគោលនយោបាយ (1+1+N) ដែលពាក់ព័ន្ធនឹង ការរៀបចំឯកសារគតិយុត្តរួម១ សម្រាប់គាំទ្រនយោបាយរបស់ខ្លួន គោលនយោបាយឧស្សាហកម្ម១ ដែលនឹងឆ្លើយតបទៅនឹងគោលនយោបាយរួម ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងគោលនយោបាយពិសេសនានា លើការលើកទឹកចិត្តដើម្បីគាំទ្រដល់ដំណើរការទាំងអស់។
បន្ថែមពីនេះ ទៅលើការរៀបចំក្របខណ្ឌស្ថាប័ន លោកអភិបាល បានលើកឡើង អំពីបទពិសោធន៍ជោគជ័យ នៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការធ្វើឯកជនភាវូបនីយកម្ម នៅក្នុងវិស័យមួយចំនួនផងដែរ។
ក្រោមការដឹកនាំរបស់ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងបានផ្តល់មតិយោបល់ប្រកបដោយសារៈសំខាន់ ទៅតាមជំនាញរៀងៗខ្លួន ដើម្បីឱ្យក្រុមការងារវិទ្យាស្ថាន UPDIS ធ្វើការកែសម្រួលសេចក្តីព្រាងរបាយការណ៍ផែនការមេ ដើម្បីឱ្យកាន់តែល្អប្រសើរ។

ក្រុមការងារបានទទួលយកការលើកឡើង និងអនុសាសន៍ណែនាំរបស់ឯកឧត្តមប្រធាន ដើម្បីចងក្រងប្រមូលយកធ្វើជាធាតុចូល ក្នុងការកែសម្រួលឱ្យរបាយការណ៍ គោលមានលក្ខណៈកាន់តែស៊ី
ជម្រៅ មានសង្គតិភាព និងគុណភាពកាន់តែល្អប្រសើរ ប្រកបដោយបរិយាបន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ក្នុងពេលបច្ចុប្បន្ន និងពេលអនាគតបន្ថែមទៀត។
លោកអូន ព័ន្ឋមុនីរ័ត្ន បានកំណត់ចក្ខុវិស័យព្រមទាំងផ្ដល់អនុសាសន៍ណែនាំ ឱ្យក្រុមការងារបង្កើនការយកទុកចិត្តទុកដាក់ ទៅលើការសិក្សា សមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍនីមួយៗ ព្រមទាំងធ្វើការកំណត់ឱ្យបានច្បាស់លាស់អំពីតួនាទីនៃទីតាំង និងតំបន់នីមួយៗផងដែរ៕







